(អេហ្ស៊ីប)៖ ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ Liverpool កីឡាករជនជាតិអេហ្ស៊ីប Mohamed Salah ត្រូវបានគេរកឃើញលទ្ធផលវិជ្ជមាន នៃវីរ៉ុសឆ្លង COVID-19 នៅមុនការប្រកួតវគ្គជម្រុះ ក្របខណ្ឌ Africa Cup of Nations រវាងក្រុមជម្រើសជាតិអេហ្ស៊ីប តទល់ជាមួយនឹងក្រុមជម្រើសជាតិតូហ្គោ, នេះបើតាមការបញ្ជាក់ពី សមាគមបាល់ទាត់អេហ្ស៊ីប ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
សមាគមបាល់ទាត់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយ នៅលើ Facebook Page របស់ខ្លួនថា «កីឡាករលំដាប់អន្តរជាតិរូបនេះ មិនមានរោគសញ្ញាណាមួយឡើយ ហើយសមាជិកក្រុមជម្រើសជាតិផ្សេងទៀត ទទួលបានលទ្ធផលអវិជ្ជមាន»។
បច្ចុប្បន្ន កីឡាករ Salah កំពុងស្នាក់នៅដាច់ដោយឡែកពីគេ ដោយទទួលបានការតាមដានសុខភាព ពីក្រុមវេជ្ជបណ្ឌិត៕