(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានរៀបចំកម្មវិធី “កីឡាដើម្បីទាំងអស់គ្នា ឬ Sport For All” រយៈពេល ២ថ្ងៃនៅខេត្តកំពង់ធំនាថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានសិស្សានុសិស្សប្រមាណ ១,០០០នាក់ចូលរួម។ នេះបើតាមការបញ្ជាក់របស់លោក តុប បញ្ញា ប្រធាននាយកដ្ឋានគ្រប់គ្រងគម្រោងរបស់ NOCC។

លោក តុប បញ្ញា បានបន្ដថា កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ២ ទី១-ដើម្បីបំផុសការចូលរួមលេងកីឡា ស្របតាមគុណតម្លៃនៃចលនាអូឡាំពិក និងទី២-ផ្សព្វផ្សាយពីយុទ្ធនាការ “ប្រជាជនម្នាក់លេងកីឡាមួយមុខ” ទាំងសិស្សានុសិស្ស និងយុវជន ដើម្បីត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។

ទន្ទឹមជាមួយគ្នាលោក ញ៉ាន សុខវិសាល បានបន្ថែមថា ដោយការរៀបចំ ធ្វើឡើងក្នុងសម័យកូវីដ-១៩ គណៈកម្មការ បានគោរពយ៉ាងខ្ជាប់ខ្ជួនតាមវិធានក្រសួងសុខាភិបាល ។ តាមរយៈកម្មវិធីនេះ លោករំពឹងថា នឹងបណ្ដុះនូវស្មារតីកីឡាជូនមហាជនទូទៅ ទាំងកីឡាករ-កីឡាការិនីអាជីព យុវជន និងសិស្សានុសិស្ស ក្នុងការលេងកីឡាដើម្បីសុខភាពផង និងផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេមនៅកម្ពុជាផង ។

ចំពោះកីឡា និងកម្មវិធីកម្សាន្ដ ដែល NOCC បានរៀបចំរយៈពេល ២ថ្ងៃ នៅខេត្តកំពង់ធំ រួមមានប្រកួតបាល់ទាត់, បាល់ទះ, ចងជើងដើរប្រណាំងជាក្រុម, ឆ្លើយសំណួរពីគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយការទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣, លេងឆ្លងកាត់កងអូឡាំពិក, លំហាត់ប្រាណបែបអាអេរ៉ូប៊ិក, រត់ប្រណាំងជុំវិញតារាងបាល់ទាត់, ជិះកង់កម្សាន្តជុំវិញភូមិផ្សព្វផ្សាយវិធានការការពារកូវីដ-១៩, បង្វិលកងរត់ជាក្រុម, ល្បែងអប់រំសាមគ្គីជាក្រុម និងសកម្មភាពសំអាតបរិស្ថានជុំវិញសាលារៀនជាដើម៕