(ឈីលី)៖ ខ្សែបម្រើ Arturo Vidal រកបាន ២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ ២-០ ទៅលើក្រុមភ្ញៀវប៉េរូ ដើម្បីជួយឈីលីរកបាន ៣ពិន្ទុក្នុង ៣ប្រកួតនៃវគ្គជម្រុះ FIFA World Cup 2022 ដែលមានកាតាធ្វើម្ចាស់ផ្ទះ។

កីឡាករចាស់វស្សាដែលត្រូវជ្រើសចេញពីក្លិបអាជីព Inter Milan នៃប្រទេសអ៉ីតាលីខាងលើនេះបានបំប៉ោងសំណាញ់ទីទាំង ២គ្រាប់ម្នាក់ឯងតែម្តងនៅនាទីទី២០ និងនាទី៣៥ ក្នុងការជួយក្រុមដែលខកខានទៅលេង World Cup 2018 នៅប្រទេសរុស្ស៊ី រកបាន ៣ពិន្ទុដំបូងផងដែរក្នុងទឹកដី ក្រៅពីលេងស្មើ ២-២ ទល់នឹងកូឡុំប៊ីក្នុងប្រកួតទី២ និងចាញ់ម្ចាស់ផ្ទះអ៊ុយរ៉ាហ្គាយ ២-១ នៅថ្ងៃបើកឆាកនៃវគ្គជម្រុះប្រចាំតំបន់អាមេរិកឡាទីន។

៣ពិន្ទុនេះដែរ បានជួយឲ្យឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៦ ក្នុងតារាងដែលមាន ១០ប្រទេសជាបណ្តោះអាសន្នផងដែរ ដេញតាមពីក្រោយក្រុមស្ថិតក្នុងកៅអីទៅលេង World Cup 2022 អាហ្សង់ទីន អេក្វាទ័រ និងអ៊ុយរ៉ាហ្គាយ ត្រឹម២ និង៣ពិន្ទុប៉ុណ្ណោះ។

១ប្រកួតផ្សេងទៀតនៅថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ អ៊ុយរ៉ាហ្គាយ ក៏បានបំបាក់ម្ចាស់ផ្ទះកូឡុំប៊ី ៣-០ ក្នុងការប្រកួតទី៣ ជើងទី១ របស់ពួកគេផងដែរ ដែលជាការរកបាន ៣ពិន្ទុជាលើកទី២ បន្ទាប់ពីចាញ់អេក្វាទ័រ ៤-២ ក្នុងប្រកួតទី២ កាលពីចុងខែតុលាកន្លងទៅ៕