(ក្រុងឡុងដ៍)៖ Son Heung-min កីឡាករខ្សែប្រយុទ្ធរបស់ក្លិប Tottenham Hotspur បានឈ្នះពានកីឡាករលេងល្អបំផុតប្រចាំខែតុលា នៅក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ក្រោយរូបគេខកខានឈ្នះពានឯកត្តជននេះ មានរយៈពេល ៣ឆ្នាំកន្លះ។
កីឡាករកូរ៉េខាងត្បូងខាងលើនេះ រកបាន ៨គ្រាប់ និងបញ្ជូនបាល់បាន ២គ្រាប់ ពីការចូលលេងបាន ៨ប្រកួតផងដែរនៅ Premier League រដូវកាលនេះ រាប់ទាំងខែតុលា Son រកបាន ៤គ្រាប់រាប់ទាំងជ័យជម្នះ ៦-១ ទៅលើម្ចាស់ផ្ទះបិសាច ក្រហម Manchester United ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា Live Score។
បន្ថែមលើនេះ Son Heung-min ក៏រកបានគ្រាប់ពេលពេលក្រុមមាន់ខ្នាយមាស Spurs យកឈ្នះ West Ham United និង Burnley ផងដែរ ដើម្បីឈ្នះពានប្រចាំខែនៅអង់គ្លេសជាលើកទី៣ គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦ និងខែមេសា ឆ្នាំ២០១៧។
កីឡាករនៃក្លិប Spurs បានខកខានឈ្នះពានប្រចាំខែ គិតចាប់តាំងពីកីឡាករ Lucas Moura ឈ្នះចុងក្រោយកាលខែ សីហា ឆ្នាំ២០១៨ កន្លងទៅ គ្រាដែល Son ក៏បានយកឈ្នះគូប្រជែង ៧នាក់ផ្សេងទៀត ក្នុងនោះក៏មានមិត្តរួមក្រុម Harry Kane ផងដែរ៕