(ភ្នំពេញ)៖ ជំងឺកូវីដ១៩ បានធ្វើឲ្យមនុស្សមិនតិចនាក់នោះទេ លើពិភពលោកនេះមានការខ្លាចរអា និងមានការព្រួយបារម្ភ ព្រោះជំងឺនេះងាយស្រួលនឹងចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយវិធីដែលល្អនោះ គឺមានតែការការពារខ្លួនឲ្យស្របទៅតាមវិធានការរបស់ក្រសួងសុខាភិបាលដូចជា ការពាក់ម៉ាស់ លាងសំអាតដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតសមង្គមជាដើម។

យ៉ាងណាមិញ ស្របពេលជំងឺដ៏កាចសាហាវនេះ ហាក់រើបឡើងជាថ្មីក្នុងប្រទេសកម្ពុជា តារាចម្រៀងចាស់វស្សា សាន ផានិត ស្រាប់ចេញបញ្ចេញចម្រៀងថ្មីមួយបទភ្លាម ជាមួយទឹកដមស្អក ពីរោះរណ្តំ ខណៈអត្ថន័យ គឺបង្ហាញការស្អប់ជំងឺមួយនេះជាខ្លាំង ត្បិតវាធ្វើឲ្យពេលវេលាដែលធ្លាប់សប្បាយរីករាយ ដើរលេងកំសាន្ត គ្មានទុកព្រួយ ក្នុងប្រទេសដែលកំពុងរីករាយនឹងសន្តិភាព ទៅជារបត់ថ្មីមួយបែបទៀត ពោលគឺរាល់ការចេញទៅក្រៅត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងគ្មានការជួបជុំមនុស្សច្រើនជាដើម។

លោក សាន ផានិត បានថ្លែងប្រាប់ Fresh News Plus ថា នេះគឺជាចម្រៀងថ្មីមួយបទទៀតរបស់លោក ដែលបញ្ចេញឡើងស្របទៅនឹងស្ថានការណ៍នៃជំងឺកូវីដ១៩ ហើយមូលហេតុនៃការបញ្ចេញចម្រៀងមួយនេះ គឺក្រៅពីជូនដល់ទស្សនិកជនដែលជាអ្នកគាំទ្របានស្តាប់កំសាន្តហើយនោះ គឺបានបង្កប់អត្ថន័យ ឲ្យទស្សនិកជននឹករឭកទៅដល់គ្រាដែលសប្បាយរីករាយ ពេលដែលគ្មានជំងឺកូវីដចូលមកដល់។

លោកបន្តថា ដើម្បីបង្កើតស្នាមញញឹមឡើងវិញ គឺយើងម្នាក់ៗត្រូវតែរួមគ្នាប្រឆាំងនឹងជំងឺនេះឲ្យបានត្រឹមត្រូវ ពោលគឺចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលតែម្តង។

ចង់ដឹងចម្រៀងថ្មី របស់លោក សាន ផានិត មានអត្ថន័យ និងពីរោះយ៉ាងណា សូមរីករាយសណ្តាប់ដូចខាងក្រោម៖