(ភ្នំពេញ)៖ ថ្ងៃទី១ នៃពិព័ពរណ៍ការងារនិងផលិតភាពឆ្នាំ២០២០ តាមរយៈប្រព័ន្ធអនឡាញ មានក្រុមហ៊ុនសហគ្រាសដែលបានចូលរួមពង្រីកឱកាសជ្រើសរើសកម្លាំង ពលកម្ម បុគ្គលិក តាមវិស័យសំខាន់ៗគ្រប់ប្រភេទ មានចំនួន៣៥៦មុខតំណែង ដោយផ្តល់ឱកាសការងារ ៥,២៩១កន្លែង និងមានអ្នកដែលចូលរួមដាក់ពាក្យស្វែងរកការងារ ចំនួន៧៥៥នាក់ ព្រមទាំងមានអ្នកចូលរួមទស្សនាក្នុងគេហទំព័រ www.careerfair.nea.gov.kh ប្រមាណ២ម៉ឺននាក់ គិតត្រឹមម៉ោង៥៖០០ល្ងាច ថ្ងៃទី១៤ ខែវិច្ឆិកានេះ។

ពិព័រណ៍ការងារអនឡាញនេះ គឺជាវេទិកាប្រាស្រ័យទាក់ទងគ្នាឥតដែនកំណត់មួយ ពោលគឺនិយោជកអាចចុះឈ្មោះនៅលើទំព័រអនឡាញ ដើម្បីផ្សព្វផ្សាយពីស្លាកសញ្ញា ឱកាសការងារទំនេរ និងគោលការណ៍ផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន សំដៅទាក់ទាញអ្នកដាក់ពាក្យស្វែងរកការងារដែលមានសក្តានុពល សមត្ថភាព និងជំនាញ គ្រប់ប្រភេទ ពីគ្រប់ទីកន្លែង។ សម្រាប់អ្នកស្វែងរកការងារវិញ ពួកគេអាចចូលមើលទំព័រផ្សព្វផ្សាយការងារជាឯកជនរបស់ក្រុមហ៊ុនជាច្រើន ដែលមានបង្ហោះនៅលើ ប្រព័ន្ធអនឡាញ ដើម្បីជ្រើសរើសដាក់ពាក្យស្នើសុំការងារដែលខ្លួនចាប់អារម្មណ៍ទៅកាន់ក្រុមហ៊ុនច្រើនជាងមួយ, ក្នុងពេលតែមួយ និងពីគ្រប់ទីកន្លែងហើយអាចទទួល បានការណាត់ជួបសម្ភាសពីក្រុមហ៊ុនតាម អនឡាញ ឬនាពេលបន្ទាប់ទៀតផង។

គួរជម្រាបជូនផងដែរថា នៅក្នុងពិព័រណ៍អនឡាញនេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់ក្រុមហ៊ុន សហគ្រាស នាំមុខគេសំខាន់ៗ រួមទាំងក្រសួង-ស្ថាប័នរដ្ឋ និងអង្គការជាតិ-អន្តរជាតិ ដែលបានចុះឈ្មោះ និងប្រតិបត្តិការនៅលើគេហទំព័រនៃពិព័រណ៍ការងារអនឡាញ ដែលមានឈ្មោះ www.careerfair.nea.gov.kh ។

បន្ថែមលើនេះ ពិព័រណ៍នេះក៏បានបង្កបរិយាកាសប្រាស្រ័យទាក់ទងគ្នារវាងក្រុមហ៊ុន និងអ្នកចូលទស្សនា ឬដាក់ពាក្យស្វែងរកការងារបានពីគ្រប់ទីកន្លែង និងមិនធ្លាប់ មានពីមុនមក។ ក្នុងន័យនេះពិព័រណ៍ការងារ នៅតែដើរតួនាទីក្នុងការផ្តល់ឱកាសនៅមួយកន្លែងងាយដោយស្រួលនៅលើប្រព័ន្ធអនឡាញ ដល់អ្នកស្វែងរកការងារ សិស្ស និស្សិត និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ក្នុងការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ចែករំលែកបទពិសោធន៍ ចំណេះដឹង មតិយោបល់និងអនុសាសន៍ល្អៗ ពាក់ព័ន្ធនឹងការងារ អាជីពជំនាញ ធនធានមនុស្ស និងការបង្កើនផលិតភាពការងារ៕