(ភ្នំពេញ)៖ ខ្សែបម្រើការពារក្រុមជម្រើសជាតិកម្ពុជា កីឡាករ ធារី ចន្ថាប៊ីន បានប្រកាសចែកផ្លូវជាមួយក្លិប Perak នៃលីគកំពូលម៉ាឡេស៊ីហើយ ក្រោយរួមរស់ជាមួយគ្នាបាន ១រដូវកាល។ ទន្ទឹមជាមួយគ្នា ក៏មានក្លិបមួយចំនួន កំពុងចែចូវរូបគេ ទៅលេងនារដូវកាលក្រោយផងដែរ។
ជុំវិញការចែកផ្លូវគ្នាជាមួយក្រុមចំណាត់ថ្នាក់លេខ៤ នៃលីគកំពូលម៉ាឡេស៊ី ឆ្នាំ២០២០ នេះ ធារី បានបញ្ជាក់ថា ក៏មានសំណើរបន្ដកុងត្រាថ្មីពីភាគីក្លិបដែរ តែត្រូវបានខ្លួនបដិសេធ ព្រោះខ្លួនចង់បានឱកាសល្អជាងនេះ ។ ប៉ុន្ដែចំពោះមុខ គឺខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំរូបនេះ ចង់សម្រាកលំហែកាយជាមួយគ្រួសារសិន ។
យ៉ាងណាមិញ កីឡាករកូនកាត់ខ្មែរ-បារាំងខាងលើ បង្ហើបថា មានក្លិបមួយចំនួន នៅកម្ពុជា ថៃ និងម៉ាឡេស៊ី បានទាក់ទងរូបគេ តែខ្លួនមិនទាន់សម្រេចចិត្តនោះទេ ដ្បិតរង់ចាំមើលឱកាសល្អសិន ។ អ្វីដែលសំខាន់ គឺខ្លួនមិនរើសប្រទេសនោះទេ គ្រាន់តែត្រូវការឱកាសល្អមួយសម្រាប់ខ្លួន និងគ្រួសារប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ក្នុងរដូវកាលឆ្នាំ២០២០ ធារី ចន្ថាប៊ីន បានបង្ហាញខ្លួនក្នុងក្របខណ្ឌលីគកំពូលម៉ាឡេស៊ីចំនួន ១០ប្រកួត និងរកបាន ១គ្រាប់ ហើយបានរួមចំណែកជួយក្រុម Perak ទទួលបានចំណាត់ថ្នាក់លេខ៤ ។ មុនលេងឲ្យអតីតក្រុមជើងឯករង ២សម័យនេះ ធារី ក៏ធ្លាប់លេឲ្យក្លិប Terengganu ២រដូវកាលផងដែរ៕