(ភ្នំពេញ)៖ កញ្ញា Amily សិល្បករខ្មែរផ្នែកតន្ត្រី និងចម្រៀង មានស្ទីលបែបបច្ចិមប្រទេស ទាំងការស្លៀកពាក់ ទាំងការនិយាយស្តី បច្ចុប្បន្ននេះហាក់ទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជនដែលជាមិត្តយុវវ័យ។ ទន្ទឹមនឹងមានប្រជាប្រប្រិយភាព តាមរយៈការច្រៀងបទចម្រៀង Cover និងទេពកោសល្យពិសេស ក្នុងការលេងហ្គីតាហ្សូឡូហើយនោះ មហាជនហាក់ចាប់អារម្មណ៍នឹងរឿងឯកជននាងជាខ្លាំង ខណៈមួយរយៈនេះមានការលើកឡើងថា នាងជិតចូលរោងការទៅហើយ តែយ៉ាងណា Amily ហាក់លាក់លៀម ពេលចូលដល់រឿងនេះ។

តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅពេលពិធីករ-ពិធីការិនី ចោទជាសំណួរទៅកាន់ Amily ពីរឿងស្នេហាតារាស្រីដួងនេះហាក់លាក់លៀមតែម្តង។ យ៉ាងណាក្តី នៅតែមិនអាចលាក់បាំងការពិត ដោយនាងបានដាច់ចិត្តសារភាពថា គឺមានគូស្នេហ៍រួចហើយ តែមិនបានបញ្ជាក់ថា ជិតចូលរោងការ ឬអត់ដូចអ្វីដែលមហាជនទូទៅនិយាយឡើយ។

ជាការកត់សម្គាល់ ងាកមករឿងការងារសិល្បៈវិញ តារាវ័យក្មេងកញ្ញា Amily ត្រូវបានគេដឹងថា ជាសិល្បករមួយរូបដែលមានទេពកោសល្យខុសប្លែងពីនារីទូទៅ ដោយសារមានចំណង់ចំណូលចិត្តផ្នែកឧបករណ៍ហ្គីតាហ្សូឡូទៅវិញ ខណៈកន្លងទៅឧបករណ៍មួយនេះ គេតែងតែឃើញបុរសជាអ្នកលេងប៉ុណ្ណោះ។ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» កញ្ញា Amily បានឲ្យដឹងថា តាំងពីឆ្នាំ២០១៥មក គឺនាងបានវិវត្តន៍ខ្លួន មានចំណង់ចំណូលចិត្ត ផ្នែកលេងហ្សូឡូតែម្តង រហូតដាច់ចិត្តទៅរៀនឲ្យចេះ បើទោះបីជាមានការបដិសេធពីក្រុមគ្រួសារថា ការលេងឧបករណ៍បែបនេះ សម្រាប់តែមនុស្សប្រុសក្តី។

និយាយដល់ចំណុចនេះ Amily បានសង្កត់ធ្ងន់ថា ដើមចមដំបូងឡើយ ដែលធ្វើឲ្យនាងមានចំណង់ចំណូលចិត្តផ្នែកឧបករណ៍តន្រ្តីហ្សូឡូ ក៏ព្រោះតែនាងចូលចិត្តមើលការច្រៀងនិងសម្តែងរបស់តារាល្បីអាមេរិក Avril Lavigne ហើយក៏មានចិត្តស្រឡាញ់ផ្នែកនេះរហូតមកទល់នឹងបច្ចុប្បន្ន។

មហាជនគ្រប់រូបដែលជាយុវវ័យ បានក្លាយជាអ្នកគាំទ្រតារាវ័យក្មេង Amily ស្ទើរគ្រប់គ្នា តាមរយៈការឡើងបកស្រាយចម្រៀង ក្នុង Reel Studio ជាមួយតារាច្រៀងបុរសៗផ្នែក Original Song ជាច្រើនទៀត។ នាងថា នៅក្នុងខែវិច្ឆិកានេះ នាងនឹងចូលរួមសម្តែងរឿងអប់រំខ្លីមួយឲ្យ Reel Studio ព្រោះក្រៅពីជាតារាចម្រៀង និងតន្ត្រីករ នាងក៏ជាតារាសម្តែងមួយរូបផងដែរ។

គួរជម្រាប កញ្ញា Amily ដំបូងឡើយនៃការចូលវិស័យសិល្បៈ គឺតាមរយៈការសម្តែងរឿង តាំងពីឆ្នាំ ២០១៣ រហូតដល់ឆ្នាំ ២០១៥ បានវិវត្តន៍ខ្លួនទៅជាតារាចម្រៀង និងតន្រ្តីករលេងហ្សូឡូតែម្តង។ ការវិវត្តន៍ខ្លួនរបស់នាង បានធ្វើឲ្យមហាជនកោតសរសើរគ្រប់គ្នា ព្រោះនាងមានសមត្ថភាពិសេស ចេះស្ទើរតែគ្រប់ផ្នែកទៅហើយ ពីការងារសិល្បៈ៕