(ភ្នំពេញ)៖ សហគ្រិនក្នុងស្រុក៤រូប ដែលអាចចាត់ទុកជាសហគ្រិនឆ្នើមផងនោះ បានចងក្រងជាបណ្ដុំមួយ ដែលមានឈ្មោះថា CEO Premium ដើម្បីជួយដល់សហគ្រិនដទៃទៀត ជាពិសេសសហគ្រិន ដែលទើបចាប់ផ្ដើមអាជីវកម្មឱ្យចូលមកក្នុងចង្កោម CEO Premium ដើម្បីរួមគ្នាដោះស្រាយបញ្ហានានានៃអាជីវកម្មរបស់ខ្លួន។
ថ្លែងនៅក្នុងពិធីជួបជុំសហគ្រិនថ្មីៗមួយចំនួន កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោកស្រី ពេជ្រ ស្រីមុំ អគ្គនាយិកានៃ CEO Premium បានថ្លែងថា ការងារអ្វីក៏ដោយបើធ្វើ ម្នាក់ឯងវាមិនងាយជោគជ័យនោះទេ ដូច្នេះយើងត្រូវរួមគ្នាធ្វើការងារជាក្រុម ជាពិសេសសហគ្រិនទើបបង្កើតអាជីវកម្មដំបូង ដែលមិនទាន់មានបទពិសោធន៍ ក្នុងការធ្វើអាជីវកម្ម។
លោកស្រី ពេជ្រ ស្រីមុំ បន្តថា រហូតមកដល់ពេលនេះ បណ្ដុំសហគ្រិន CEO Premium ក៏ដូចជាបណ្ដុំសហគ្រិនផ្សេងទៀត បានជួយដល់សហគ្រិនក្នុងស្រុកជាច្រើន រួចមកហើយ ក្នុងនោះសម្រាប់សមាជិកនៃ CEO Premium យើងនឹងជ្រើសរើសយកអ្នកដែលស័ក្ដិសមនឹងតំណែងរបស់សមាជិកនៃ CEO Premiumនេះផងដែរ។
លោក សូ តារារ័ត្ន សមាជិកនៃ CEO Premium និងជាអគ្គនាយករងនៃក្រុមហ៊ុន សូ ងួន គ្រុប បានឱ្យដឹងផងដែរថា កត្តាដែលជំរុញឱ្យលោកចូលរួមក្នុង CEO Premium នេះព្រោះមើលថាវានឹងផ្ដល់ប្រយោជន៍ដល់សហគ្រិនក្មេងៗជំនាន់ក្រោយៗ ដែលនឹងអាចជួយជំរុញឱ្យអាជីវកម្មរបស់ពួកគេ មានការរីកលូតលាស់ទៅមុខថែមទៀត។
នៅពេលចាប់ផ្ដើមចូលជាសមាជិករបស់ CEO Premium នេះ លោកបានដាក់ផែនការមួយចំនួនរួចហើយដើម្បីអនុវត្តន៍ ហើយនៅក្នុងផែនការទាំងនោះនឹងអាចជួយ សមាជិកថ្មីៗដែលនឹងចូលរួមជាមួយពួកលោក ព្រមទាំងអាជួយគ្នាទៅវិញទៅមក ព្រោះថាមនុស្សច្រើនគំនិតច្រើន ហើយបន្ទាប់មកទៀតនឹងអាចបង្កើតជាអាជីវកម្ម ជាមួយគ្នាទៀតផងនៅពេលខាងមុខនេះ។
លោកស្រី អគ្គនាយិកា CEO Premium បានបញ្ជាក់ដែរថា ស្ថិតនៅក្នុងសេដ្ឋកិច្ចកំពុងមានបញ្ហានេះ វាជាឱកាសមួយសម្រាប់អ្នកជំនួញ ក្នុងការចាប់យកជំនួញថ្មីៗ អាចទទួលបានផលចំណេញច្រើន ជាក់ស្ដែងនៅពេលប្រជាជនភ័យខ្លាចពីកូវីដ១៩ ហើយមិនសូវមានអ្នកចេញក្រៅផ្ទះនោះទេ ដូច្នេះសេវាដឹកជញ្ជូនជូនអតិថិជន គឺជាអាជីវកម្មមួយដែលត្រូវប៉ាន់ និងអាចរកចំណូលបានច្រើនសម្រាប់ម្ចាស់អាជីវកម្ម ដែលជំរុញឱ្យសហគ្រិនចាប់ផ្ដើមអាជីវកម្មមួយនេះ៕