(ភ្នំពេញ)៖ ថ្ងៃទី១៥ ខែវិច្ឆិកា ដែលជាថ្ងៃបិទបញ្ចប់នៃព្រឹតិ្តការណ៍ពិព័ពរណ៍ការងារ និងផលិតភាពឆ្នាំ២០២០ តាមរយៈប្រព័ន្ធអនឡាញ បាននាំមកនូវលទ្ធផលដ៏ល្អ គួរកត់សម្គាល់ ដែលអ្នកចូលទស្សនាគេហទំព័រពិព័ពរណ៍ការងារ www.careerfair.nea.gov.kh និងបានដាក់ពាក្យស្នើសុំការងារ ស្របទៅតាមតម្រូវការរបស់ក្រុមហ៊ុន តាមវិស័យសំខាន់ៗគ្រប់ប្រភេទ។
គិតត្រឹមម៉ោង៦៖០០ល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ដែលជាថ្ងៃបញ្ចប់នៃពិព័រណ៍ការងារអនឡាញនេះ មុខតំណែងចំនួន៣៦៦ ដែលផ្តល់ឱកាសការងារទំនេរចំនួន ៥,៥២២កន្លែង ត្រូវបានដាក់ពាក្យដោយអ្នកស្វែងរកការងារពីគ្រប់ទិសទី ស្មើនឹងចំនួន ១,៥០៨ប្រវត្តិរូប ពីក្នុងចំណោមអ្នកចូលរួមទស្សនាប្រមាណ៣ម៉ឺននាក់។
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមថ្លែងអំណរគុណ ដល់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលបន្តខិតខំរួមគ្នារៀបចំព្រឹត្តិការណ៍ ពិព័រណ៍អនឡាញនេះដោយជោគជ័យ និងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានផ្តល់ ការឧបត្ថម្ភគាំទ្រសម្រាប់ការរៀបចំព្រឹត្តិការណ៍រយៈពេល២ថ្ងៃនេះ ព្រមទាំងអរគុណដល់ក្រសួង ស្ថាប័ន អង្គការជាតិ-អន្តរជាតិ និងក្រុមហ៊ុនទាំងអស់ ដែលបានចូលរួម តាំងផ្សព្វផ្សាយ និងចូលរួមចំណែកការបង្កើតឱកាសការងារ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងដំណាក់កាលដែលជំងឺកូវីដ កំពុងបង្កហានិភ័យ។
សូមនិយោជក និងអ្នកស្វែងរកការងារបន្តតាមដានព័ត៌មាន និងប្រើប្រាស់សេវាការងាររបស់ NEA ដើម្បីរើសបានបុគ្គលិកតាមតម្រូវការ និងរកការងារកាន់តែងាយស្រួល ក្រោមកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងការជំរុញដំណើរការទីផ្សារការងារកម្ពុជា៕