(សាន់ហ្វ្រាន់ស៉ីស្កូ)៖ ក្រុមហ៊ុនបច្ចេកវិទ្យាឈីប Qualcomm កាលពីប៉ុន្មានថ្ងៃមុននេះ ទើបតែទទួលបានអាជ្ញាបណ្ណពីរដ្ឋាភិបាលអាមេរិក ដើម្បីលក់បន្ទះឈីបទូរស័ព្ទ 4G ឲ្យទៅក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសចិន Huawei។ វាគឺជាការលើកលែងមួយនៃបម្រាមពាណិជ្ជកម្ម ដែលអាមេរិកបានដាក់ចេញ នៅចំពោះមុខភាពតានតឹងជាមួយចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Business Times នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។
Qualcomm និងក្រុមហ៊ុនបច្ចេកវិទ្យាឈីបអាមេរិកដទៃៗទៀត ត្រូវបានបង្ខំឲ្យបញ្ឈប់ការលក់ដូរជាមួយក្រុមហ៊ុន Huawei កាលពីខែកញ្ញាកន្លងទៅនេះ បន្ទាប់ពីបម្រាមពាណិជ្ជកម្មអាមេរិក ត្រូវចាប់ផ្តើមអនុវត្ត។ យ៉ាងណាក្តី អ្នកនាំពាក្យរបស់ក្រុមហ៊ុន Qualcomm បានប្រាប់ថា Qualcomm ទើបទទួលបានអាជ្ញាបណ្ណសម្រាប់ការលក់ផលិតផលមួយចំនួនឲ្យ Huawei ក្នុងនោះ រួមមានទាំងផលិតផល 4G ខ្លះផងដែរ។
ប៉ុន្តែអ្នកនាំពាក្យខាងលើមិនបញ្ជាក់ច្បាស់ឡើយថា ផលិតផល 4G ណាខ្លះ ដែលអាចលក់ឲ្យក្រុមហ៊ុន Huawei ដោយគ្រាន់តែថា ពួកវាទាក់ទងទៅនឹងឧបករណ័ចល័ត។ Qualcomm នៅមានពាក្យស្នើសុំលក់ផលិតផលមួយចំនួនផ្សេងទៀត ដែលកំពុងរង់ចាំការសម្រេចអនុញ្ញាតពីរដ្ឋាភិបាលអាមេរិក។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាមេរិកដទៃទៀតដូចជា Micron Technology ក៏ត្រូវបានហាមឃាត់មិនឲ្យលក់ដូរជាមួយ Huawei ដែរ ហើយបានឲ្យដឹងថា ពួកគេបានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណដើម្បីបន្តការលក់រួចហើយ។ ចំណែកក្រុមហ៊ុន Intel ក៏បានប្រាប់ឲ្យដឹងដែរថា ខ្លួនមានអាជ្ញាបណ្ណដើម្បីលក់ផលិតផលឲ្យ Huawei៕