(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចលើកពេលការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២០ ដែលគ្រោងធ្វើចុងសប្ដាហ៍នេះ ទៅធ្វើនាខែធ្នូវិញហើយ បន្ទាប់ពីមានព្រឹត្តិការណ៍ ៣វិច្ឆិកា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
នេះគឺជាលើកទី២ ហើយ ដែលក្រសួងអប់រំ បានធ្វើការពន្យាពេលការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២០ ដោយសារវិបត្តិកូវីដ-១៩ ។ ដំបូងឡើយព្រឹត្តិការណ៍នេះ គ្រោងប្រកួតពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា មុនពន្យាពេលលើកទី១ មកប្រកួតពីថ្ងៃទី២០-២៩ ខែវិច្ឆិកា និងលើកទី២ លើកទៅប្រកួតនាថ្ងៃទី០៧-១៦ ខែធ្នូ ឆ្នាំ២០២០វិញ ។
ចំពោះប្រភេទកីឡា ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា កំណត់ដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះ គឺមាន ៨ប្រភេទកីឡា រួមមានកីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្តពលកម្ម, វាយសី, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT និងកីឡាតេក្វាន់ដូ ITF ។ តាមគម្រោង ការប្រកួតនឹងធ្វើឡើងលើទីលានចំនួន ៤ រួមមានទីលានពហុកីឡដ្ឋានជាតិ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា, វិទ្យាល័យច្បារអំពៅ និងទីលានវិទ្យាល័យបឹងកេងកង៕