(បរទេស)៖ តារាសម្តែងប្រុសជនជាតិជប៉ុន Akira Kubodera ដែលទទួលបានប្រជាប្រិយភាពខ្លាំង តាមរយៈសម្តែងរឿង «Pretty Guardian Sailor Moon» បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវបានបញ្ចូន ទៅដល់មន្ទីរពេទ្យ ខណៈមូលហេតុនៃការស្លាប់របស់តារាវ័យ ៤៣ឆ្នាំរូបនេះ ត្រូវបានប៉ូលីសសន្និដ្ឋានថា ជាការធ្វើអត្តឃាតខ្លួនឯង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មn Straits Times នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រុមការងាររបស់តារាប្រុស Akira Kubodera បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកកាលពីថ្ងៃសៅរ៍កន្លងទៅនេះថា ការស្លាប់របស់តារារូបនេះ ហាក់បីដូចជាលឿនពេកហើយ ដែលធ្វើឲ្យក្រុមគ្រួសារ និងក្រុមការងារធ្វើចិត្តមិនបាននោះទេ។ Kubodera ត្រូវបានប្រទះឃើញដេកសន្លប់បាត់បង់ស្មារតីក្នុងផ្ទះរបស់លោក ដែលស្ថិតនៅទីក្រុង Tokyo កាលពីថ្ងៃទីសុក្រ ទី១៣ ខែវិច្ឆិកា និងបានទទួលមរណភាព នៅពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។
បើតាមការស៊ើបអង្កេតបឋមពីការមន្ត្រីប៉ូលីស បានបង្ហាញថា ការស្លាប់របស់តារាប្រុសរូបនេះ ទំនងដោយសារការធ្វើអត្តឃាតខ្លួនឯង។
តារាសម្តែងប្រុស Kubodera បានចាប់កំណើត និងធំធាត់ឡើងនៅទីក្រុង Tokyo។ លោកបានចាប់ផ្តើមអាជីពជាតារាម៉ូដែលក្នុងឆ្នាំ ១៩៩៥ និងបានវិវត្តន៍ខ្លួនទៅសម្តែងលើឆាកក្នុងឆ្នាំ ១៩៩៩ រហូតដល់ឆ្នាំ ២០០៣ លោកបានចាប់យកអាជីពជាតារាសម្តែងបន្ថែមទៀត។ គ្រានោះបានធ្វើឲ្យលោកកាន់តែមានប្រជាប្រិយភាព និងមានភាពល្បីល្បាញបន្ថែម ក្រោយពីចូលរួមសម្តែងជាតួអង្គ Kunzite ក្នុងរឿង «Pretty Guardian Sailor Moon» ឆ្នាំ ២០០៣-២០០៤៕