(កូរ៉េ)៖ បន្ទាប់ពីបង្ហាញវត្តមាននៅលើកញ្ចក់ទូរទស្សន៍ជាលើកដំបូង កាលពីពេលថ្មីៗនេះ ក្រោយខកខានអស់រយៈពេល៤ឆ្នាំ និងបានសន្យាជាមួយអ្នកគាំទ្រថា នឹងបញ្ចេញអាល់ប៊ុមថ្មីនាចុងឆ្នាំ២០២០ ប៉ុន្មានម៉ោងមុននេះ ស្រាប់តែតារាចម្រៀង CL បានប្រកាសជាថ្មីថា នឹងពន្យារពេលបញ្ចេញអាល់ប៊ុមថ្មី «ALPHA»។ ការប្រកាសពន្យារពេលបញ្ចេញអាល់ប៊ុមថ្មីនេះ គឺដើម្បីយកពេលវេលាកែច្នៃអាល់ប៊ុមថ្មី ឲ្យល្អជាងចម្រៀងកន្លងទៅ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Allkpop នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

CL បានប្រកាសឲ្យដឹងថា បានរៀបចំអាល់ប៊ុមថ្មី ដើម្បីស្វាគមន៍អ្នកគាំទ្រ យ៉ាងណាមិញ នៅកំឡុងពេលរៀបចំនាងបាននឹកឃើញគំនិតថ្មីៗបន្ថែមទៀត ហើយក៏សម្រេចពន្យារពេលបញ្ចេញអាល់ប៊ុមថ្មីនេះតែម្តង។ នាងពន្យល់ថា តាំងពីបញ្ចេញ Physical album ដំបូងរបស់នាងមក នាងចង់ធ្វើអាល់ប៊ុមថ្មីដែលគ្រោងបញ្ចេញនោះ ឲ្យកាន់តែល្អជាងមុន។ ដូច្នេះក្រោយពីពិភាក្សាគ្នាជាមួយក្រុមការងារ នាងក៏សម្រេចពន្យារពេលតែម្តង។

គួរជម្រាបថា តារាចម្រៀងស្រីអតីតសមាជិកក្រុម 2NE1 កញ្ញា CL បានបង្ហាញខ្លួននៅកញ្ចក់ទូរស្សន៍ក្នុងស្រុកជាលលើកដំបូងក្នុងកំឡុងខែតុលាកន្លងទៅ បន្ទាប់ពីអាក់ខានអស់រយៈពេល៤ឆ្នាំ។ តាមរយៈការបង្ហាញវត្តមាននេះ នាងបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសនាងបានបកស្រាយមន្ទិល និងពាក្យចចាមអារ៉ាមជាច្រើន ដើម្បីឲ្យមហាជនបានជ្រាប ជាពិសេសរឿងការទៅរស់នៅក្រៅប្រទេសរបស់នាង គឺមិនពិតនោះទេ៕