(ស្វីស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយក្រែន កំពុងរង់ចាំការសម្រេចចិត្ត ពីអាជ្ញាធរប្រទេសស្វីសថា តើការប្រកួតក្នុងក្របខណ្ឌ Nations League របស់ពួកគេ នឹងត្រូវអនុញ្ញាតឲ្យប្រកួត នៅថ្ងៃស្អែកឬយ៉ាងណា ខណៈកីឡាកររបស់ខ្លួនចំនួន៣រូបរបស់ខ្លួន ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាន នៃវីរ៉ុស COVId-19 នៅថ្ងៃចន្ទនេះ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
«កីឡាករ៣រូប ដែលមានភាពវិជ្ជមាននោះ រួមមាន៖ Eduard Sobol, Yevhen Makarenko និងកីឡាករ Dmytro Riznyk», នេះបើតាមក្រុមជម្រើសជាតិអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
សេចក្តីថ្លែងការណ៍ដដែលនោះ បានបន្ថែមថា កីឡាករទាំង៣រូបនេះ ត្រូវបានគេដាក់ឲ្យស្នាក់នៅដាច់ដោយឡែកពីគេ នៅឯសណ្ឋាគារ ដែលពួកគេស្នាក់នៅ។
ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយក្រែន បានធ្វើដំណើរទៅកាន់ប្រទេសស្វីស បន្ទាប់ពីចាញ់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងលទ្ធផល៣ទល់នឹង១ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ៕