(អាមេរិក)៖ សាក្សីដ៏សំខាន់ម្នាក់ ដែលពាក់ព័ន្ធនឹងការចាប់ខ្លួនប្រធានផ្នែកហិរញ្ញវត្ថុសកលរបស់ក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou កាលពី ២ ឆ្នាំមុន បានសម្រេចចិត្តមិនផ្តល់សក្ខីកម្មនៅក្នុងតុលាការកាណាដា ខណៈដែល តុលាការបានកោះហៅសាក្សី មក សួរចម្លើយនៅថ្ងៃចន្ទម្សិលមិញ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា តុលាការ British Columbia Supreme Court បានកោះហៅ លោកស្រី Meng Wanzhou មកធ្វើការសួរនាំ ស្របពេលដែល លោកស្រីបានប្ដឹងជំទាស់ក្នុងការធ្វើបត្យាប័ន តាមសំណើ របស់ សហរដ្ឋអាមេរិក។
នៅថ្ងៃចន្ទម្សិលមិញនេះផងដែរ តុលាការបានកោះហៅសាក្សីដ៏សំខាន់មួយរូបគឺជាអតីតមន្ត្រីប៉ូលីសជាន់ខ្ពស់របស់កាណាដាលោក Ben Chang ប៉ុន្តែលោកមិនបានមកធ្វើសក្សីកម្មនោះទេ។ លោក Ben Chang ត្រូវបានគេដឹងថា ជាមនុស្សម្នាក់ដែលដឹងរឿងច្បាស់ ព្រោះ គាត់បានផ្ញើព័ត៌មានលម្អិត និងឯកសារសំខាន់ៗដែលទាក់ទងនឹងការប្រព្រឹត្តខុសរបស់លោក Meng Wanzhou ទៅកាន់ភ្នាក់ងារ FBI ប៉ុន្តែក្រោយមកគាត់បានបដិសេធថា មិនបានធ្វើរឿងទាំងនោះទេ។
គួរបញ្ជាក់ផងដែរថា លោកស្រី Meng Wanzhou គឺជាកូនស្រីបង្កើតរបស់លោក Ren Zhengfei បិតាស្ថាបនិកក្រុមហ៊ុន Huawei និង ត្រូវបានចាប់ខ្លួននៅក្នុងអាកាសយានដ្ឋាន Vancouver International Airport ក្នុងប្រទេសកាណាដា កាលពីខែធ្នូ ឆ្នាំ២០១៨ តាមការ ស្នើសុំរបស់អាមេរិក ក្រោមបទចោទប្រកាន់ថា លោកស្រីបានរំលោភលើច្បាប់អន្តរជាតិក្នុងការរកស៊ីជាមួយប្រទេសអ៊ីរ៉ង់ និងបានបន្លំឯកសារ ធនាគារ HSBC ៕