(សេវីយ៉ា)៖ ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ត្រូវការ ៣ពិន្ទុឥន្រ្ទីដែកអាល្លឺម៉ង់ដាច់ខាតនៅរាត្រីនេះ ដើម្បីឡើងទៅវគ្គបន្តនៃពានរង្វាន់លីគអឺរ៉ុប UEFA Nations League ដ្បិតបានកំពុងឈរនៅលេខរៀងទី២ ក្នុងពូល A នៃក្រុមទី៤។
ក្រុមដែលកំពុងដឹកនាំដោយអតីតគ្រូបង្វឹកនៃក្លិប FC Barcelona លោក Luis Enrique បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ កាលពីជើងទី១ នៅទឹកដីអាល្លឹម៉ង់ និងជាក្រុម១ ដែលលេងមិនចាញ់ក្នុងដីក្នុងចំណោម ២ប្រកួតនៅ Nations League ក្រៅពីបានយកឈ្នះអ៊ុយក្រែន ៣-០ និងឈ្នះស្វីស ១-០ ដោយពុំមានរបូតគ្រាប់បាល់ឡើយ។
តែយ៉ាងណា ៣ប្រកួតក្រៅដីរបស់អតីតជើងឯក World Cup 2010 និងពាន Euro ២សម័យកាលជាប់គ្នាធ្វើមិនសូវជា បានល្អឡើយក្នុងចំណោម ៣ប្រកួតក្រៅដី ពោលគឺចាញ់អ៊ុយក្រែន ១-០ ស្មើស្វីស និងអាល្លឺម៉ង់ ១-១ រកបាន ៨ពិន្ទុក្នុងពូលចាញ់ក្រុមកំពូលតារាងរបស់លោក Joachim Low ត្រឹម ១ពិន្ទុប៉ុណ្ណោះ ដែលនាំឲ្យការប្រកួតនៅរាត្រីនេះ ត្រូវបាន ៣ពិន្ទុជាចាំបាច់ ដោយមិនប្រាថ្នាស្មើឡើយ។
អេស្ប៉ាញ រកបានតែ ១ពិន្ទុប៉ុណ្ណោះពេលជួបស្វីសកាលពីសប្តាហ៍មុន ពីការវាយបកតាមស្មើ ១-១ នៅនាទីចុងក្រោយ ដ្បិតប្រធានក្រុម Sergio Ramos ទាត់បាល់ប៉េណាល់ទីចំនួន ២លើកអត់ចូល នៅពេលអាល្លឺម៉ង់បំបាក់អ៊ុយក្រែន ៣-១ ដើម្បីឡើងទៅឈរនៅកំពូលតារាងវិញ ដែលធ្វើឲ្យខ្លាំងនៅអឺរ៉ុបមួយនេះ (អេស្ប៉ាញ) ត្រូវបាន ៣ពិន្ទុដាច់ខាតរាត្រីនេះនៅទីក្រុង Sevilla ក្នុងជំនួបបិទពូល និងកាត់សេចក្តី៕