(ភ្នំពេញ)៖ លោក ស៊ុំ វណ្ណា គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានបង្ហោះសារគួរឲ្យភ្ញាក់ផ្អើល ធ្វើឲ្យអ្នកគាំទ្រមានមន្ទិលថា លោកទំនងចែកផ្លូវជាមួយក្លិបសិង្ហក្រហមនេះហើយ ក្រោយរួមរស់ជាមួយគ្នាបាន ២រដូវកាល (ឆ្នាំ២០១៩-២០២០)។

គ្រូបង្វឹកកម្រិត A-License បានបង្ហោះសារលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា «ជាដំបូងខ្ញុំសូមថ្លែងអំណរគុណដល់លោកឧកញ៉ាប្រធានក្លិប ថ្នាក់ដឹកនាំក្លិប ដែលបានផ្តល់សេចក្តីទុកចិត្តដល់ខ្ញុំធ្វើជាគ្រូបង្វឹកក្រុមឈុតធំនាពេលវេលាជិត ២ឆ្នាំមកនេះ។ ការងារនេះវាពិតជាមានន័យខ្លាំងណាស់ក្នុងអាជីពរបស់ខ្ញុំ ហើយខ្ញុំក៏សប្បាយចិត្តដូចគ្នា ដែលខ្ញុំបានក្លាយជាចំណែកមួយរបស់ប្រវត្តិសាស្រ្តក្លឹបដែលធំជាងគេនៅកម្ពុជានេះ»

លោកថា «ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណដល់ក្រុមការងាររបស់ខ្ញុំ ក្រុមបុគ្គលិកក្លិប ប្អូនៗកីឡាករទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងធ្វើការងារជាមួយខ្ញុំដោយយកចិត្តទុកដាក់នាពេលកន្លងមកនេះ។ ខ្ញុំសង្ឃឹមថាប្អូនៗកីឡាករនឹងខិតខំបន្ថែមទៀតដើម្បីឡូហ្គោសិង្ហនៅលើទ្រូងរបស់ប្អូនៗ ហើយយើងនៅតែបន្តរាប់អានគ្នា និងខ្ញុំអាចជួយប្អូនៗបានបើសិនជាប្អូនៗត្រូវការ»។ លើសពីនេះ លោកក៏បានផ្ញើសារដល់អ្នកគាំទ្រក្នុងន័យនឹករឭកផងដែរ។

តាមរយៈសារខាងលើ ត្រូវបានគេសង្ស័យថា អតីតគ្រូបង្វឹកក្រុមស៊ីម៉ាក់ និងអតីតក្រុមវេស្ទើនភ្នំពេញរូបនេះ ទំនងបានចាកចេញពីក្លិបភ្នំពេញក្រោនទៅហើយ។ ប៉ុន្ដែព័ត៌មានផ្លូវការយ៉ាងណា មកទល់ពេលនេះ ក្លិបនៅមិនទាន់ប្រកាសនោះទេ ខណៈសាម៉ីខ្លួនផ្ទាល់ នៅមិនទាន់អាចសុំការបញ្ជាក់បន្ថែម ដើម្បីស្រាយមន្ទិលអ្នកគាំទ្របាននោះទេ ដ្បិតទូរសព្ទលោកខលចូល តែមិនមានអ្នកទទួល។

គួរបញ្ជាក់ថា ក្នុងរដូវកាលឆ្នាំ២០២០ លោក ស៊ុំ វណ្ណា បានដឹកនាំក្រុមមានមូលដ្ឋាននៅ Smart RSN នេះ ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា និងទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីប្រកួតវគ្គផ្ដាច់ព្រ័ត្រចាញ់ក្រុមណាហ្គាវើលដ៏ និងប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ចាញ់ខេត្តព្រៃវេង៕