(ភ្នំពេញ)៖ ក្រុមហ៊ុន អិមជី ផេស៊ីហ្វិក ឯ.ក បានទទួលពានរង្វាន់ Country Star of the Year ពីកម្មវិធី ASEAN Business Award 2020។ ការប្រគល់ពានរង្វាន់នេះ ត្រូវបានធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។

ក្រុមហ៊ុន អិមជី ផេស៊ីហ្វិក ឯ.ក ជាក្រុមហ៊ុនដែលបង្កើតដោយកូនខ្មែរសុទ្ធសាធ និងផ្គត់ផ្គង់ទៅកាន់ទីផ្សារ គឺក្រដាសជូតមាត់ និងក្រដាសប្រើប្រាស់ក្នុងបន្ទប់ទឹក ម៉ាក MG។ បច្ចុប្បន្នក្រដាសជូតមាត់ ម៉ាក MG កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។

គួរជម្រាបថា ពានរង្វាន់ ASEAN Business Award 2020 គឺជាពានរង្វាន់ប្រចាំតំបន់អាស៊ាន ដ៏មានកិត្យានុភាពល្បីល្បាញ ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN Business Advisory Council) ចាប់តាំងពីឆ្នាំ២០០៧ ក្នុងគោលបំណងដើម្បីលើកទឹកចិត្ត និងទទួលស្គាល់ក្រុមហ៊ុនអាជីវកម្មនានា នៃប្រទេសក្នុងតំបន់អាស៊ាន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើលស្ទួយសេដ្ឋកិច្ច និងសង្គម។

ក្នុងឆ្នាំនេះ មានក្រុមហ៊ុនចំនួន៥៨ ត្រូវបានជ្រើសរើសដើម្បីទទួលពានរង្វាន់ឆ្នើម ប្រចាំអាស៊ាននេះ ដោយមានការចូលរួមពីក្រុមហ៊ុន Deloitte Vietnam និងសហការជាមួយស្ថាប័នដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដូចជាសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI)។

ក្រុមប្រឹក្សាវិនិច្ឆ័យ មានអ្នកតំណាងមកពីប្រទេសជាសមាជិកអាស៊ានទាំង១០ រួមទាំដៃគូផ្សេងទៀតដូចជា GIZ មកពីប្រទេសអាឡឺម៉ង់ និងក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន រីឯប្រព័ន្ធផ្តល់ពិន្ទុនេះ គឺមានការវិនិច្ឆ័យប្រកបដោយភាពយុត្តិធម៌ និងតម្លាភាពខ្ពស់បំផុត។

ពានរង្វាន់នេះ គឺជាពានរង្វាន់មួយក្នុងចំណោមពានរង្វាន់ទាំង១០ប្រភេទ រួមមាន ទី១៖ វិស័យសមាហរណកម្មអាទិភាព (Priority Integration Sectors), ទី២៖ សហគ្រាសធុនតូច និងមធ្យម (SMEs Excellence), ទី៣៖ សហគ្រិនវ័យក្មេង (Young Entrepreneurs), ទី៤៖ សហគ្រិនស្រ្តី (Woman Entrepreneurs), ទី៥៖ មុខជំនួញអាជីវកម្មលក្ខណៈគ្រួសារ (Family Business), ទី៦៖ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ (Skills Development), ទី៧៖ មិត្តភាពអាស៊ាន (Friends of ASEAN), ទី៨៖ Inclusive Business, ទី៩៖ Combating Covid-19 និងទី១០៖ Country Star of the Year។

ពានរង្វាន់នេះ គឺជាគុណតម្លៃដ៏ធំធេងណាស់សម្រាប់ ក្រុមហ៊ុន អិមជី ផេស៊ីហ្វិក ឯ.ក ដែលបានបង្កើតឡើងអស់រយៈពេលជាង៥ឆ្នាំកន្លងមកនេះ ក៏ដូចជាការលើកស្ទួយមុខមាត់របស់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ជាពិសេសលើបណ្តាប្រទេសអាស៊ានតែម្តង៕