(បរទេស)៖ ទស្សនិកជនខ្មែរ ដែលតែងតែតាមដានរឿងភាគហុងកុងរបស់ស្ថានីយទូរទស្សន៍ TVB ហាក់សម្តែងការសោកស្តាយគ្រប់គ្នា ពេលទទួលដំណឹងថា តារាសម្តែងល្បីប្រចាំទូរទស្សន៍មួយនេះ បានទទួលមរណភាពទាំងអាល័យ ក្នុងវ័យ៥៨ឆ្នាំ ដោយសារជំងឺមហារីកសួត។
តារាវ័យ ៥៨ឆ្នាំរូបនេះ ត្រូវបានគេនិយាយថា បានប្រយុទ្ធនឹងជំងឺមហារីកសួត តាំងពីដើមឆ្នាំនេះមកម៉្លេះ ប៉ុន្តែលោកមិនធ្លាប់បង្ហាញសាធារណជនឲ្យបានដឹង ពីស្ថានភាពជំងឺរបស់លោកឡើយ ហើយថែមទាំងសន្និដ្ឋានខ្លួនឯងថា គ្រាន់តែជាបញ្ហាសួតបន្តិចបន្តួចប៉ុណ្ណោះ។
យ៉ាងណាមិញ នៅថ្ងៃសុក្រកន្លងទៅនេះ តារាសម្តែងប្រុសនិយមដើរតួចិត្តអាក្រក់ Tsang ស្រាប់តែត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យ ក្រោយមកស្រាប់តែមានសេចក្តីរាយការណ៍ថា តារារូបនេះ បានស្លាប់បាត់បង់ជីវិតទៅហើយ ដោយសារជំងឺមហារីកសួត។ ដំណឹងនេះ គឺត្រូវបានបញ្ជាក់ដោយតារាស្រី Candy Man ដែលនាងបានបង្ហោះព័ត៌មាននេះ តាមសារលើបណ្តាញសង្គម Facebook។
គួរជម្រាបថា លោក Tsang បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ១៩៨២ ជាមួយការសម្តែងរឿង «នាគពីរសម្តែងរិទ្ធិ» ជាតួចិត្តអាក្រក់ និងបានចូលធ្វើការនៅស្ថានីយទូរទស្សន៍ TVB នៅ ឆ្នាំ១៩៩០។ តែយាងណា លោកបានចាកចេញពី TVB នៅឆ្នាំ ២០១២ ហើយក៏បានត្រឡប់មកវិញក្នុងឆ្នាំ ២០១៥៕