(សាន់ហ្រ្វាន់ស៉ីស្កូ)៖ ក្រុមហ៊ុនបណ្តាញសង្គម Twitter នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា បានប្រកាសតែងតាំងលោក Peiter Zatko ដែលជាអ្នកជំនាញវាយលុកផ្នែកព័ត៌មានវិទ្យា ឬ hacker និងមានរហស្សនាមថា «Mudge» ឲ្យកាន់តំណែងជាប្រធានសន្តិសុខព័ត៌មានវិទ្យារបស់ខ្លួន។ តួនាទីនេះផ្តល់ឲ្យលោក Zatko នូវសិទ្ធិយ៉ាងទូលំទូលាយ ដើម្បីផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធ ក៏ដូចជាការអនុវត្តផ្សេងៗទាក់ទងនឹងសន្តិសុខរបស់ Twitter។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្នុងនាមជាប្រធានផ្នែកសន្តិសុខព័ត៌មានវិទ្យាលោក Peiter Zatko រាយការណ៍ផ្ទាល់ទៅកាន់នាយកប្រតិបត្តិរបស់ Twitter គឺលោក Jack Dorsey។ លោក Zatko ត្រូវគេរំពឹងថានឹងឡើងគ្រប់គ្រងមុខងារសន្តិសុខសំខាន់ៗរបស់ Twitter ក្រោយឆ្លងកាត់ការវាយតម្លៃរយៈពេលចន្លោះ៤៥-៦០ថ្ងៃ។
កន្លងមកលោក Zatko ជាប្រធានផ្នែកសន្តិសុខនៅក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុ Stripe ហើយមុននោះ លោកបានធ្វើការក្នុងគម្រោងពិសេសមួយរបស់ Google និងជាអ្នកគ្រប់គ្រងលើការផ្តល់មូលនិធិសម្រាប់គម្រោងទាក់ទងនឹងផ្នែកសន្តិសុខព័ត៌មានវិទ្យា នៅឯទីភ្នាក់ងារ DARPA របស់ក្រសួងការពារជាតិអាមេរិក។ កាលពីកំឡុងទសវត្សរ៍ឆ្នាំ១៩៩០ លោក Zatko ធ្លាប់ស្ថិតក្នុងចំណោមមេដឹកនាំនៃក្រុមវាយលុកផ្នែកព័ត៌មានវិទ្យាដ៏ល្បីមួយហៅថា Cult of the Dead Cow ដែលជំនាញខាងបញ្ចេញឧបករណ៍សម្រាប់លុកលុយកម្មវិធី Windows ជាមួយគោលដៅជំរុញឲ្យក្រុមហ៊ុន Microsoft បង្កើនសមត្ថភាពប្រព័ន្ធសន្តិសុខរបស់ខ្លួន។
គួរជម្រាបថា សម្រាប់ក្រុមហ៊ុន Twitter វិញ គឺបានប្រឈមបញ្ហាផ្នែកសន្តិសុខជាច្រើន។ កាលពីមួយឆ្នាំមុន រដ្ឋាភិបាលអាមេរិកបានចោទបុរសពីរនាក់ថា លួចស៉ើបការណ៍ឲ្យអារ៉ាប៊ីសាអូឌីត ពេលពួកគេនៅបម្រើការជាបុគ្គលិករបស់ Twitter។ ដោយឡែក កាលពីខែកក្កដាកន្លងទៅនេះ ក្រុមវាយលុកព័ត៌មានវិទ្យាមួយក្រុម បានបញ្ឆោតបុគ្គលិក Twitter ហើយចូលមកក្នុងប្រព័ន្ធផ្ទៃក្នុងរបស់ Twitter ដែលអនុញ្ញាតឲ្យពួកគេធ្វើការផ្លាស់ប្តូរផ្សេងៗនៅក្នុងគណនីអ្នកប្រើប្រាស់ ហើយបង្ហោះសារចេញពីគណនីបុគ្គលល្បីៗដូចជា លោក Joe Biden, លោក Bill Gates និងលោក Elon Musk ជាដើម៕