(ប៉េកាំង)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិន Huawei នាថ្ងៃអង្គារនេះ បានប្រកាសជាផ្លូវការអំពីការលក់ប្រេនស្មាតហ្វូនលំដាប់កញ្ចប់ថវិការបស់ខ្លួនគឺ Honor ក្នុងគោលដៅព្យាយាមស្រោចស្រង់ប្រេនស្មានហ្វូននេះ ឲ្យរួចផុតពីទណ្ឌកម្មដែលសហរដ្ឋអាមេរិកបានដាក់មកលើ Huawei។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រុមហ៊ុន Huawei បានសម្រេចធ្វើបែបនេះ គឺដើម្បីកាត់ផ្តាច់ប្រេនស្មាតហ្វូន Honor ឲ្យដាច់ដោយឡែក ខណៈខ្លួនកំពុងបន្តរងទណ្ឌកម្ម ដែលរាំងខ្ទប់ការទិញបន្ទះឈីបមួយចំនួនធំពីបណ្តាក្រុមហ៊ុនអាមេរិក ព្រមទាំងបច្ចេកវិទ្យាសំខាន់ៗផ្សេងទៀត។ រដ្ឋាភិបាលអាមេរិកបានដាក់ទណ្ឌកម្មលើ Huawei ដោយចោទថា ក្រុមហ៊ុនបច្ចេកវិទ្យាចិននេះ បង្កការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក ជាការចោទប្រកាន់ដែល Huawei បានច្រានចោល។
គួរបញ្ជាក់ថា ក្នុងសេចក្តីប្រកាសរបស់ Huawei គឺពុំមានការផ្តល់ព័ត៌មានលម្អិតទាក់ទងនឹងតម្លៃនៃការលក់ប្រេនស្មាតហ្វូន Honor ឡើយ ប៉ុន្តែបានឲ្យដឹងថា Huawei នឹងលែងជាម្ចាស់កាន់កាប់ប្រេនស្មាតហ្វូន Honor ទៀតហើយ នៅពេលការលក់បញ្ចប់ទៅជាស្ថាពរ។ សម្រាប់ប្រេនស្មាតហ្វូនលំដាប់កំពូលរបស់ខ្លួនគឺស្មាតហ្វូន Huawei ក្រុមហ៊ុននឹងនៅគ្រប់គ្រងដដែល។
យោងតាមប្រភពដដែល អ្នកទិញប្រេន Honor គឺក្រុមហ៊ុនមួយដែលដឹកនាំបង្កើតឡើងដោយសហគ្រាសពាណិជ្ជកម្មមួយ ដែលកាន់កាប់ដោយរដ្ឋបាលទីក្រុង Shenzhen របស់ចិន ជាកន្លែងទីស្នាក់ការកណ្តាលរបស់ Huawei ស្ថិតនៅ។ បើតាមសេចក្តីរាយការណ៍ព័ត៌មាននាពេលកន្លងមក សហគ្រាសពាណិជ្ជកម្មនោះគឺ ក្រុមហ៊ុន Digital China ដែលជាអ្នកចែកចាយស្មាតហ្វូនដ៏ធំរបស់ Huawei និងជាដៃគូសហការដ៏ល្អ ហើយតម្លៃនៃការលក់វិញគឺខ្ទង់១៥ពាន់លានដុល្លារ៕