(ក្រុងឡុងដ៍)៖ កីឡាករ Jordan Henderson និង Raheem Sterling នឹងអវត្តមានពីក្រុមជម្រើសជាតិតោ៣អង់គ្លេស ក្នុងជំនួបទល់នឹងអ៉ីស្លង់ បញ្ចប់វគ្គសន្សំពិន្ទុតាមពូលនៅ UEFA Nations League នារាត្រីថ្ងៃពុធស្អែកនេះ ដោយសារបញ្ហារបួស។
ប្រធានក្រុមមពីក្លិប Liverpool, Henderson លេងបានតែ ១តង់ប៉ុណ្ណោះត្រូវប្តូរចេញវិញ ក្រោយពេលរងរបួសជើង កាលពីរាត្រីថ្ងៃអាទិត្យដែលអង់គ្លេសបានចាញ់ម្ចាស់ផ្ទះប៊ែលហ្សិក ២-០ ធ្លាក់ចេញពី Nations League 2020-2021 នៅពេលដែល Sterling មានបញ្ហារបួសក្រលៀន។
ទាំង Henderson និង Sterling បានចាកចេញពីជំរំហ្វឹកហាត់ត្រឡប់ទៅកាន់ក្លិបរៀងៗខ្លួន ដើម្បីធ្វើការព្យាបាលរបួស ហើយ និងអវត្តមានលេងនៅ Premier League នេះដូចគ្នានៅពេល Manchester City ត្រូវប៉ះម្ចាស់ផ្ទះ Tottenham Hotspur នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ និង Liverpool ទទួលក្រុមភ្ញៀវ Leicester City នាថ្ងៃអាទិត្យ។
លោក Gareth Southgate មានកូនក្រុម ២២នាក់ ដើម្បីតតាំងប្រកួតបង្រ្គប់កិច្ចនៅ Nations League ថ្ងៃស្ធែកនេះ ដ្បិតពួកគេធ្លាប់បានយកឈ្នះអ៉ីស្លង់ ១-០ ម្តងមកហើយកាលពីជើងទី១ ក្នុងនាមជាក្រុមដែលមិនអាចស្វែងរកកៅអីឡើងវគ្គបន្តបានដូចគ្នា៕