(ភ្នំពេញ)៖ ខ្សែប្រយុទ្ធស្នូលរបស់ក្រុមវិសាខា កីឡាករ កែវ សុខផេង បានប្រកាសស្វែងរកក្មេងម្នាក់ ដើម្បីផ្ដល់នូវកាដូលើកទឹកចិត្ត បន្ទាប់ពីខ្លួនអបអរសាទរគ្រាប់បាល់ស៊ុតបញ្ចូលទី ភ្លេចចាប់ដៃជាមួយក្មេងនោះ អំឡុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១៤ (ថ្នាក់ជាតិ) ឆ្នាំ២០២០ ទល់នឹងក្រុមណាហ្គាវើលដ៏កាលពីថ្ងៃទី០៧ ខែវិច្ឆិកាកន្លងទៅ។
សមាជិកក្រុមគោព្រៃកម្ពុជារូបនេះបានបង្ហោះសារលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា «ដោយសារអបអរភ្លេចខ្លួន បងសុំទោសដែលមិនបានចាប់ដៃប្អូន កាលពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ថ្នាក់ជាតិ (ឆ្នាំ២០២០) រវាងក្រុមណាហ្គាវើលដ៏ និងក្រុមវិសាខា នៅពហុកីឡដ្ឋានជាតិកន្លងមកថ្មីៗនេះ។ អញ្ចឹងពុកម៉ែបងប្អូនណា ដែលបានស្គាល់ជួយឲ្យគាត់ទាក់ទងមកខ្ញុំផង ដើម្បីជូនជាកាដូលើកទឹកចិត្ត»។
សុខផេង បានបង្ហាញនូវការសោកស្ដាយ ចំពោះកាយវិការមិនគប្បី ដែលកើតឡើងដោយអចេតនា បន្ទាប់ពីខ្លួនរកបានគ្រាប់បាល់នាំមុខ ១-០ ឲ្យវិសាខានៅនាទី៤១ ហើយរត់មកសម្ដែងការអបអរ ចំពោះក្រុមអ្នកគាំទ្រវិសាខា។ ភ្លាមនោះ ក្មេងប្រុស ដែលគេស្គាល់ជាអ្នកបម្រើបាល់ក្នុងការប្រកួត (រៀបចំដោយ CNCC) ក៏បានលើកដៃស្វាគមន៍ដែរ តែដោយភ្លេចខ្លួន និងរវល់ជាមួយការអបអរគ្រាប់បាល់របស់ខ្លួនោះ សុខផេង ក៏មិនបានស្វាគមន៍ទៅក្មេងប្រុសនោះវិញទេ។
យ៉ាងណាមិញក្រោយខ្សែប្រយុទ្ធដ៏មានប្រជាប្រិយភាពខាងលើបានបង្ហោះសារ អមជាមួយរូបភាពជាមួយក្មេងប្រុសម្នាក់នោះ បានធ្វើឲ្យអ្នកគាំទ្រភាគច្រើន បង្ហាញនូវការគាំទ្រ និងពេញចិត្ត ចំពោះការទទួលនូវកំហុសដោយអចេតនារបស់ខ្លួន។ ទន្ទឹមជាមួយគ្នា គេក៏សង្ឃឹមថា ក្មេងប្រុសខាងលើ នឹងបានជួប ក៏ដូចជាទទួលបានកាដូលើកទឹកចិត្តពីកីឡាករ កែវ សុខផេង នាពេលឆាប់ៗផងដែរ។
សូមរំឮកថា ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ វិសាខា បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះក្រុមណាហ្គាក្នុងលទ្ធផល ២-០ ហើយគ្រាប់បាល់ជ័យជម្នះ ២គ្រាប់ ដែលជួយឲ្យក្រុមសេះជំទង់លើកពានជាប្រវត្តិសាស្ដ្រនេះ ១គ្រាប់ គឺធ្វើបានសម្រេចដោយកីឡាករ កែវ សុខផេង និង ១គ្រាប់ទៀតរកបានដោយមិត្តរួមក្រុម ឆេង ម៉េង ដែលជាអតីតសមាជិកក្រុមណាហ្គាវើលដ៏ផ្ទាល់តែម្ដង៕