(កំពង់ឆ្នាំង)៖ ក្រុមហ៊ុនធានារ៉ាប់រង BIMA Cambodia ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់សេវាសុខភាព និងសេវាធានារ៉ាប់រង តាមរយៈប្រព័ន្ធទូរស័ព្ទ នាថ្មីៗនេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង ដើម្បីបង្កើននូវឱកាសកម្មសិក្សាការងារនៅភ្នំពេញ និងទូទាំងប្រទេសកម្ពុជា។
ការចុះអនុស្សារណៈយោគយល់គ្នា រវាងក្រុមហ៊ុនធានារ៉ាប់រង BIMA និង ស.ស.យ.ក ខេត្តកំពង់ឆ្នាំងនេះ គឺជាការផ្ដល់ឱកាសដ៏ពិសេសមួយសម្រាប់យុវជនកម្ពុជា ក្នុងការចូលរួមបណ្ដុះបណ្ដាលសមត្ថភាពរបស់ខ្លួនជាមួយក្រុមហ៊ុន ធានារ៉ាប់រងអន្តរជាតិ។ បុគ្គលិករបស់ BIMA ត្រូវសុទ្ធតែមានជំនាញ ការបណ្តុះបណ្តាល និងបទពិសោធន៍ជាច្រើនទៀត ពីផ្នែកលក់ ប្រតិបត្តិការ និងការសហការជាមួយស្ថាប័នធំៗ។
លោកស្រី គីម អំ ប្រធាននាយិកាប្រតិបត្តិ នៃក្រុមហ៊ុន BIMA ប្រចាំនៅកម្ពុជា បានលើកឡើងថា «យើងមានក្តីរំភើបក្នុងការធ្វើជាដៃគូរ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានណែនាំ BIMA ដែលជាក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិមួយទៅដល់យុវជនវ័យក្មេងទាំងឡាយ។ អាជីវកម្មរបស់យើងមានការរីកចម្រើនយ៉ាងឆាប់រហ័ស តាមរយៈភាពជាដៃគូរឹងមាំ ជាមួយប្រតិបត្តិករទូរស័ព្ទចល័ត Smart ហើយយើងនឹងបន្តរីកចម្រើន តាមរយៈភាពជាដៃគូជាមួយស្ថាប័នឯកជនផ្សេងទៀត និងក្រុមហ៊ុនផ្តល់សេវាថែរក្សាសុខភាព ដើម្បីផ្តល់ជូននូវផលិតផលចម្រុះ សាមញ្ញ និងមានតម្លៃសមរម្យដល់អតិថិនជន»។
លោកស្រី គីម អំ បានបន្ថែមទៀតថា «យើងមានការបេ្តជ្ញាចិត្តខ្ពស់ ក្នុងការបង្កើនការទទួលបានសេវាសុខភាព និងធានារ៉ាប់រង ដ៏មានសារៈសំខាន់សម្រាប់គ្រួសារទាំងអស់ នៅក្នុងប្រទេសកម្ពុជា។ អត្រានៃការប្រើប្រាស់ធានារ៉ាប់រងនៅកម្ពុជា នៅតែទាបជាង១% នៃផលិតផលសរុបរបស់ប្រទេសកម្ពុជា។ នេះមានន័យថាប្រសិនបើមានគ្រោះអកុសលកើតឡើង ចំពោះគ្រួសារណាមួយនោះពួកគាត់និងប្រឈមមុខនឹងបន្ទុកចំណាយលើសុខភាព និងហិរញ្ញវត្ថុជាក់ជាមិនខាន។ យើងផ្តល់ជូនផលិតផលរបស់យើង ដោយចាប់ផ្តើមពី ១ដុល្លារ ក្នុងមួយខែ ដើម្បីជួយក្រុមគ្រួសារទាំងអស់ឱ្យទទួលបានការការពារសុវត្ថិភាពហិរញ្ញវត្ថុ។ យើងគិតថា គោលដៅនេះ ក៏បានរួមចំណែកដល់ក្នុងទំនួលខុសត្រូវលើផលប៉ះពាល់ក្នុងសង្គមនាពេលបច្ចុប្បន្នហើយក៏ជា ជាឱកាសដ៏ភ្ញាក់ផ្អើលមួយ ដែលនឹងផ្តល់ជូន សម្រាប់យុវជន ដែលមានឆន្ទះចង់រៀន និងអភិវឌ្ឍខ្លួនជាមួយក្រុមហ៊ុនលំដាប់ពិភពលោកនេះ»។
ក្រុមហ៊ុន BIMA បានប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទ ក្នុងការផ្តល់សេវាកម្មធានារ៉ាប់រង និងផលិតផលធានារ៉ាប់រងផ្នែកសុខភាព ដែលងាយស្រួល មានតម្លៃសមរម្យ ចំពោះអតិថិជនដែលមានការលំបាកក្នុងការទទួលសេវាផ្នែកសុខភាព នៅទីផ្សារកំពុងរីកចម្រើន និងក្រុមគ្រួសារដែលមិនអាចទទួលបានសេវាទាំងនេះ តាមប្រព័ន្ធចែកចាយបែបបុរាណ។ ទម្រង់បច្ចេកទេសរបស់ BIMA គឺការផ្តល់នូវលក្ខណៈងាយស្រួលដល់អតិថិជននូវ បទពិសោធន៍ដោយគ្មានក្រដាសនិងភាពបត់បែន ជាមួយគ្នានឹង ភ្នាក់ងារចែកចាយផលិតផលនិងផ្តល់ការណែនាំដល់អតិថិជន។
លក្ខណៈងាយស្រួលរបស់បច្ចេកទេសនេះ គឺជាគន្លឹះនៃភាពរីកចម្រើនរបស់ BIMA ដែលទទួលបានអតិថិជនរហូតដល់ជាង ៣៥លានអ្នកនៅក្នុងទីផ្សារទាំង ០៩ទូទាំងទ្វីបអាហ្វ្រិក និងអាស៊ី។
ប៊ីម៉ាបានបញ្ជាក់ថាពិតជាអាចធ្វើទៅបាន ដើម្បីបម្រើសេវាកម្មទៅអតិថិជនសក្តានុពល និងប្រកបដោយនិរន្តរភាព។ BIMA ធ្វើការងារជាមួយផ្នែកបម្រើសេវាកម្មទូរគមនាគមន៍ទូរស័ព្ទ រួមជាមួយផ្នែករីកចម្រើនផ្សេងទៀត។ គ្រប់ដៃគូរសហការ កំពុងចូលរួមជាមួយបេសកកម្មរបស់ ប៊ីម៉ា ដើម្បីបម្រើសេវាដល់អតិថិជនដែលពិបាកក្នុងការទទួលបានសេវានានា ដែលមានរហូតដល់ ៩៣% នៃអតិថិជនទាំងអស់ទូទាំងពិភពលោកដែលមានចំណូលតិចជាង ១០ដុល្លារ ក្នុងមួយថ្ងៃ និង៧៥% កំពុងត្រៀមទទួលយកនូវសេវាធានារ៉ាប់រងជាលើកដំបូងរបស់ខ្លួន។
ក្រុមហ៊ុនធានារ៉ាប់រង BIMA បានចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា នៅខែមេសា ឆ្នាំ២០១៤ និងបានចាប់ផ្តើមផ្តល់ជូនសេវាធានារ៉ាប់រង ដែលមាន តម្លៃសមរម្យនិងងាយស្រួល ជាមួយសេវាធានារ៉ាប់រងសុខភាព ធានារ៉ាប់រងអាយុជីវិត និងធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល។ ការចុះឈ្មោះធានារ៉ាប់រងជាមួយ BIMA មានភាពងាយស្រួល ដោយបច្ចុប្បន្ន BIMA មានអតិថិជនចុះឈ្មោះជិត មួយលាននាក់នៃគ្រប់ផលិតផលរបស់ខ្លួន។ រហូតមកដល់បច្ចុប្បន្ន BIMA បានចំណាយប្រាក់ជាង មួយលានដុល្លារក្នុងការផ្តល់សំណងជូនដល់អតិថិជននៅក្នុងប្រទេសកម្ពុជា៕