(ប៉ារីស)៖ អ្នកគាំទ្រនឹងមិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ចូលទៅកាន់ពហុកីឡដ្ឋានរបស់បារាំង ដើម្បីទស្សនាការប្រកួតកីឡានោះឡើយ នៅមុនខែមករា ហើយក្រោយមក នឹងមានការកំណត់ចំនួនមនុស្ស ដោយពឹងផ្អែកទៅលើទំហំនៃពហុកីឡដ្ឋាន, នេះបើតាមការបញ្ជាក់ពីប្រធានាធិបតីបារាំង ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

លោកប្រធានាធិបតីបារាំង Emmanuel Macron បានប្រាប់ក្រុមមន្ត្រីកីឡានៅក្នុងកិច្ចប្រជុំវីដេអូថា ការវិលត្រឡប់នៃអ្នកទស្សនា «គឺមិនអាចធ្វើទៅបាននោះទេ នៅក្នុងខែធ្នូ» ដោយសារតែចំនួនករណីឆ្លង វីរ៉ុស COVID-19 នាពេលថ្មីៗនេះមានការកើនឡើង នៅក្នុងប្រទេសបារាំង ដែលនាំឲ្យរដ្ឋាភិបាលប្រកាសបិទផ្នែកមួយចំនួនជាថ្មីកាលពីខែមុន។

លោក Macron ក៏បានបង្ហាញនូវគម្រោងទឹកប្រាក់១០០លានអឺរ៉ូ សម្រាប់ឆ្នាំក្រោយ ដើម្បីផ្តល់ហិរញ្ញប្បទាន លើវិស័យកីឡា តាមរយៈការជម្រុញយុវជន ឲ្យចូលរួមក្នុងសកម្មភាពអត្តពលកម្ម៕