(សេវីយ៉ា)៖ ក្រុមបាល់ទាត់ឥន្រ្ទីដែកអាល្លឹម៉ង់ បានជ្រុះចេញពីពានរង្វាន់លីគអឺរ៉ុប UEFA Nations League 2020-2021 ជាផ្លូវការហើយ ក្រោយចាញ់ម្ចាស់ផ្ទះគោជល់អេស្ប៉ាញ ៦-០ ដែលមិននឹកស្មានដល់ក្នុងការប្រកួតបិទពូល A4 នៅរាត្រីថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។

នេះក៏ជាចាញ់ច្រើនគ្រាប់សម្រាប់ក្រុមខ្លាំងនៅអឺរ៉ុបមួយនេះផងដែរ នៅពេលដែលប្រវត្តិសាស្រ្តប្រែប្រួល បន្ទាប់ពីជ្រុះចេញពីព្រឹត្តិការណ៍ FIFA World Cup ដ៏លឿនបំផុតផងដែរកាលឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី និងទើបរកបានជ័យជម្នះ ៣លើកប៉ុណ្ណោះក្នុងចំណោមលេង ៨ប្រកួតក្នុងឆ្នាំ២០២០នេះ ស៊ុតបញ្ចូលទីគេបាន ១៤គ្រាប់ និងរបូតវិញដល់ទៅ ១៧គ្រាប់ឯណោះ។

កីឡាករខ្សែបម្រើស្លាបមកពីក្លិបអង់គ្លេស Manchester City, Ferran Torres ធ្វើបានហែតទ្រីកលើកដំបូងឲ្យជម្រើសជាតិអេស្ប៉ាញ និងជាការរកបានគ្រាប់បាល់ចំនួន ៨គ្រាប់ទាំងក្នុងក្លិប និងជម្រើសជាតិនារដូវកាលនេះផងដែរ នៅពេលដែលមិត្តរួមក្រុម Alvaro Morata, Rodri និង Oyalrzabal ស៊ុតតែរួមចំណែករកបានម្នាក់ ១គ្រាប់ដូចគ្នាទៀតផង ដើម្បីចូលរួមជាមួយបារាំង ប៊ែលហ្ស៊ិក អ៉ីតាលី និងហូឡង់ ឡើងទៅដណ្តើមពាន Nations League ដែលនឹងប្រកួតវគ្គផ្តាច់ព្រ័ត្រនាឆ្នាំក្រោយ៕