(រីយ៉ូ)៖ អតីតក្រុមជើងឯកបាល់ទាត់ពិភពលោក ៥សម័យកាលច្រើនជាងគេ សាំបាប្រេស៊ីល បន្តរកបាន ៣ពិន្ទុពី ៤ប្រកួតក្នុងវគ្គជម្រុះ World Cup 2022 តាមរយៈបំបាក់ម្ចាស់ផ្ទះអ៊ុយរ៉ាហ្គាយ ២-០ នៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

កីឡាករ Arthur មកពីក្លិប Juventus រកបានគ្រាប់បើកឆាកនៅនាទី៣៤ មុនពេលមិត្តរួមក្រុម Richalison របស់ក្លិប Everton តែតបញ្ចប់ទីគ្រាប់ទី២ នៅនាទី៤៥ ដើម្បីរក្សាកំណត់ត្រាលេងវគ្គជម្រុះល្អ ១០០%ក្នុងចំណោម ៤ប្រកួតនៃជើងទី១ មិនដែលស្មើ និងចាញ់ឡើយ មាន ១២ពិន្ទុពេញឈរនៅកំពូលតារាងដាច់ផងដែរ ក្នុងចំណោម ១០ប្រទេសនៅតំបន់អាមេរិកឡាទីន។

ប្រេស៊ីលដែលអវត្តមានកីឡាករសំខាន់ Philippe Coutinho និង Neymar ផងនោះ នៅតែមានទម្រង់លេងមិនប្រែប្រួល គិតចាប់តាំងពីពួកគេបានយកឈ្នះវេណេហ្សូអេឡា ១-០ ក្នុងដីកាលពីប្រកួតទី៣ ដើម្បីបន្តកាន់កាប់កំពូលតារាងយ៉ាងរឹងមាំ តាមពីក្រោយដោយអាហ្សង់ទីន ដែលមាន ១០ពិន្ទុ ក្រោយយកឈ្នះម្ចាស់ផ្ទះប៉េរូ ២-០ នៅថ្ងៃពុធនេះដូចគ្នា។

គួរបញ្ជាក់ផងថា នៅតំបន់អាមេរិកឡាទីន (ខាងត្បូង) ទទួលបាន ៤.៥កៅអីពី FIFA ដើម្បីលេងនៅព្រឹត្តិការណ៍ World Cup វគ្គចែកពូល ៣២ក្រុម ដ្បិតនៅតំបន់មួយខ្លាំងបាល់ទាត់មួយនេះឈ្នះពានពិភពលោកចុងក្រោយកាលឆ្នាំ២០០២ ដែលមានកូរ៉េខាងត្បូង និងជប៉ុនធ្វើម្ចាស់ផ្ទះរួមគ្នា ឈ្នះដោយសាំបាប្រេស៊ីល៕