(ភ្នំពេញ)៖ អ្នកគាំទ្រហាក់មានការចាប់អារម្មណ៍កាន់តែខ្លាំង ចំពោះកៅអីគ្រូបង្វឹកថ្មីរបស់ក្លិបភ្នំពេញក្រោន បន្ទាប់ពីអតីតក្រុមជើងឯក ៦សម័យនេះបានប្រកាសតែងតាំងតួនាទីថ្មីដល់លោក ស៊ុំ វណ្ណា ទៅជានាយកបច្ចេកទេស ជំនួសតំណែងគ្រូបង្វឹកកាលពីម្សិលមិញ។

ស្របពេលកៅអីគ្រូបង្វឹកខាងលើកំពុងឡើងកម្ដៅ ក្រុមសិង្ហក្រហមនេះ បានបង្ហោះផ្ទាំងរូបភាពមួយសន្លឹក នៅព្រឹកថ្ងៃពុធនេះ ដែលស្ដែងឲ្យដឹងថា ពួកគេបានរកឃើញបេក្ខភាពគ្រូបង្វឹក ត្រូវជំនួសលោក ស៊ុំ វណ្ណា ហើយ ពោលគឺរង់ចាំតែប្រកាសផ្លូវការប៉ុណ្ណោះ។ ក្នុងរូបភាពដែលបង្កប់នូវភិនភាគគ្រូបង្វឹកថ្មីនោះ ត្រូវបានអ្នកគាំទ្រជាច្រើន មានទំនោរលើអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា គឺលោក Lee Tae Hoon។

ជុំវិញព័ត៌មានដ៏រសើបនេះ ត្រូវបានលោក កែវ សុខង៉ន អ្នកចាត់ការទូទៅក្រុមភ្នំពេញក្រោន សុំរក្សាការសម្ងាត់សិន ហើយរង់ចាំការប្រកាសផ្លូវការរបស់ក្លិប។ តែលោកបានបង្ហើបថា នេះគឺជាការសម្រេចចិត្តរបស់ប្រធានក្លិប បន្ទាប់ពីមានបេក្ខភាពគ្រូបង្វឹកបរទេស ៤-៥រូប ត្រូវបានក្លិបសម្លឹងឃើញ ដែលភាគច្រើនជាគ្រូបង្វឹកមកពីខាងក្រៅ ដូចជាគ្រូជនជាតិកូរ៉េ អ៊ុយក្រែន និងជនជាតិថៃជាដើម។

លោក កែវ សុខង៉ន បានសង្កត់ធ្ងន់ថា គ្រូបង្វឹកថ្មីដែលត្រូវដឹកនាំក្រុមមានមូលដ្ឋាននៅ Smart RSN នេះ នឹងត្រូវប្រកាសក្នុងពេលឆាប់ៗ ពោលគឺក្នុងសប្ដាហ៍នេះយ៉ាងយូរ។ ដូច្នេះរង់ចាំអ៊ុតទាំងអស់គ្នា តើគ្រូបង្វឹករូបណា នឹងត្រូវមកជំនួសកៅអីលោក ស៊ុំ វណ្ណា នារដូវកាលថ្មីខាងមុខ?