(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសចែកផ្លូវជាមួយកីឡាករបរទេសម្នាក់ទៀតហើយ គឺខ្សែការពារសញ្ជាតិអាមេរិក Jonny Campbell បន្ទាប់ពីរួមរស់ជាមួយគ្នាបាន ២រដូវកាល។

ខ្សែការពារវ័យ ២៩ឆ្នាំរូបនេះបានផ្ទេរចូលក្លិបព្រះខ័នរាជស្វាយរៀងកាលពីដើមឆ្នាំ២០១៩។ ក្នុងឆ្នាំដំបូង រូបគេបានរួមចំណែកជួយក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ លើកពានលីគកំពូលកម្ពុជា មុនឈ្នះជើងឯករង ក្នុងរដូវកាលឆ្នាំ២០២០។

Jonny គឺជាកីឡាករបរទេសទី៣ ហើយ ដែលត្រូវបានស្វាយរៀង ប្រកាសអំពីការចែកផ្លូវគ្នា ក្រោយចប់រដូវកាលឆ្នាំ២០២០ បន្ទាប់ពីកីឡាករសញ្ជាតិប្រេស៊ីល ២រូបគឺខ្សែបម្រើ Thiago និងខ្សែប្រយុទ្ធ Pedro Agusto។

បច្ចុប្បន្នក្រុមលោក Conor Nestor នៅសល់កីឡាករបរទេស ២រូបប៉ុណ្ណោះ គឺខ្សែបម្រើជនជាតិជប៉ុន Daisuke ដែលត្រូវបានក្លិបប្រកាសបន្ដកិច្ចសន្យាកាលពីពេលថ្មីៗ និងខ្សែប្រយុទ្ធសញ្ជាតិកាមេរូន Privat ដែលក្លិបមិនទាន់ប្រកាសអំពីកិច្ចសន្យាថ្មីឡើយ៕