(ម៉ាឌ្រីដ)៖ លោក Javier Tebas ប្រធានក្របខណ្ឌបាល់ទាត់លីគកំពូលអេស្ប៉ាញ La Liga បានថ្លែងថា រូបលោកបាន ត្រៀមចិត្តរួចស្រេចហើយសម្រាប់វត្តមានចាកចេញពីក្លិប FC Barcelona របស់កីឡាករខ្សែប្រយុទ្ធ Lionel Messi នៅបំណាច់រដូវកាលនេះ។
បុរសសញ្ជាតិអេស្ប៉ាញដែលត្រូវបានបោះឆ្នោតជាប់ធ្វើជាប្រធាន La Liga តាំងពីឆ្នាំ២០១៣ មកនោះបានថ្លែងប្រាប់ BBC ថា «ពិតណាស់ យើងពិតជាការសោកស្តាយចំពោះការបាត់បង់ Neymar, Cristiano Ronaldo មុនបន្ថែម Messi ម្នាក់ទៀតពីទឹកដីអេស្ប៉ាញ បើទោះបីជាពុំមានអ្វីកត់សម្គាល់ និងខុសប្លែកគ្នាច្រើនក៏ដោយ។ យើងបានត្រៀមចិត្តរួចហើយ ថាថ្ងៃណាមួយវានឹងកើតឡើង។ ខ្ញុំមិនបារម្ភណាស់ណាទេចំពោះរឿងនេះ»។
បន្ថែមលើនេះ លោក Tebas ក៏បានមើលឃើញពីក្លិបអង់គ្លេស Manchester City ដែលនឹងអាចនាំយកកីឡាករវ័យ ៣៣ឆ្នាំ Messi ទៅលេងទៅទីនោះបាន ដ្បិតមានអតីតអ្នកចាត់ការទូទៅ Pep Guardiola ដែលធ្លាប់ជោគជ័យជាមួយ Messi ក្នុងក្លិប FC Barcelona ហើយក៏ជាក្លិបធំដែលហ៊ានចំណាយទៅពលកម្មរបស់ប្រធានក្រុមអាហ្សង់ទីនផងដែរ។
គួររំលឹកផងថា Lionel Messi បានចំណាយពេលលេងនៅទឹកដីអេស្ប៉ាញក្នុងក្លិបអ្នកមានបុណ្យ FC Barcelona តាំងពីឆ្នាំ២០០០ ក្នុងនាមជាកីឡាករដែលត្រូវបានជ្រើសរើសចេញពីថ្នាលយុវជននៅតំបន់ Catalan មួយនេះ៕