(ឡុងដ៍)៖ ប៉ូលិសនៅចក្រភពអង់គ្លេស កំពុងតាមចាប់ខ្លួនចោរមួយក្រុម ដែលបានប្លន់យករថយន្តមួយគ្រឿងដឹកផលិតផលរបស់ក្រុមហ៊ុន Apple រួមមានស្មាតហ្វូននិងនាឡិកាជាដើម គិតជាតម្លៃសរុប៦.៦លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រុមចោរបានធ្វើសកម្មភាពលើរថយន្តនោះនៅតំបន់ Northamptonshire តាំងតែពីថ្ងៃអង្គារសប្តាហ៍មុនមកម្ល៉េះ ប៉ុន្តែមកទល់ពេលនេះគឺនៅមិនទាន់រកឃើញមុខសញ្ញានៅឡើយទេ។ ពួកគេបានចាប់អ្នកបើករថយន្តម្នាក់និងសន្តិសុខម្នាក់ចងទុកចោល ហើយបើករថយន្តនោះចេញទៅកាន់តំបន់មួយនៅក្បែរកន្លែងកើតហេតុ។
ប៉ូលិសដឹងថានៅតំបន់មួយនោះ ក្រុមចោរបានផ្ទេរកន្ទុយទូដឹកទំនិញទៅលើរថយន្តមួយទៀត ហើយបើករថយន្តទីពីរនោះចេញទៅបានចម្ងាយប្រហែល១៥គីឡូម៉ែត្រដល់ក្រុង Lutterworth ជាទីដែលពួកគេបានប្រមែប្រមូលឧបករណ៍នានារបស់ក្រុមហ៊ុន Apple ដូចជានាឡិកា, iPhone, Air Pod, iPad និងឆ្នាំងសាក ទៅកាន់រថយន្តទីបី។
គួរបញ្ជាក់ថា សកម្មភាពប្លន់នោះពុំមានការប្រើប្រាស់អាវុធទេ ហើយអ្នកបើករថយន្តនិងសន្តិសុខមានរបួសតិចតួចប៉ុណ្ណោះ នៅពេលត្រូវក្រុមចោរចាប់ចង។ ប៉ូលិសអង់គ្លេសមិនបានប្រាប់ថា ក្រុមចោរមានគ្នីគ្នាប៉ុន្មាននាក់ឡើយ ប៉ុន្តែបានស្នើស្វែងរកតំរុយដើម្បីតាមចាប់ខ្លួនជនទាំងនោះ។ ខាងប៉ូលិសបានអំពាវនាវឲ្យ អ្នកទាំងឡាយណាដែលត្រូវគេស្នើលក់ផលិតផល Apple ឲ្យក្នុងកាលៈទេសៈខុសប្រក្រតី ឬដឹងអំពីអ្នកដែលលក់ផលិតផល Apple ក្នុងតម្លៃទាបប្លែកនោះ គួរទាក់ទងមកកាន់អាជ្ញាធរ៕