(ភ្នំពេញ)៖ ដោយមូលហេតុ នៃជំងឺរាតត្បាតសកលកូវីដ១៩ នៅតែចោទជាបញ្ហាសម្រាប់សុខភាពសាធារណៈ និងកំពុងរីករាលដាលពាសពេញពិភពលោក នាពេលបច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោកក្រោមយុទ្ធនាការ #SafeHands Challenge បានទទួលការឧបត្ថម្ភសាប៊ូលាងសម្អាតដៃ ពីក្រុមហ៊ុនខលហ្គេតចំនួន ២៥លានដុំ សម្រាប់ ចែកចាយទៅកាន់ពិភពលោក ក្នុងនោះប្រទេសកម្ពុជា ក៏បានទទួលសាប៊ូសរុបចំនួន២៥ម៉ឺនដុំ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាជនទាំងអស់ ចូលរួមថែរក្សា ការពារសុវត្ថិភាព ដៃរបស់ខ្លួនផងដែរ។
ដើម្បីចូលរួមទប់ស្កាត់ និងប្រឆាំងការឆ្លងនៃជំងឺកូរីដ-១៩ ដែលមិនទាន់សាបរលាបនោះ អង្គការសុខភាពពិភពលោក បានចាប់ផ្តើមធ្វើយុទ្ធនាការ #SafeHands Challenge នៅលើបណ្តាញសង្គមទូទាំងពិភពលោក ដើម្បីលើកទឹកចិត្តប្រជាជនទាំងអស់ ឱ្យយល់កាន់តែច្បាស់ ពីការការពារ និងថែរក្សាដៃឲ្យមានសុវត្ថិភាព។
យុទ្ធនាការនេះក៏មាន ការចូលរួមពីតារាល្បីៗលំដាប់ពិភពលោកដែលមាន កញ្ញា Selena Gomez និងលោក Gordon Ramsay ផងដែរ ដោយពួកគេបានជួយចែកចាយបន្ត និងលើកទឹកចិត្ត ឱ្យប្រជាជនទូទាំងពិភពលោក ធ្វើការលាងសម្អាតដៃឱ្យបានត្រឹមត្រូវ តាមរយៈវិដេអូអប់រំផងដែរ។
ដើម្បីចូលរួមក្នុងយុទ្ធការរបស់អង្គសុខភាពពិភពលោក ក្រុមហ៊ុន ខលហ្គេត បានចូលរួមនិងចែកចាយយុទ្ធនាការ #SafeHands Challenge ដោយបានផលិតសាប៊ូចំនួន ២៥លានដុំ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់អង្គការសុខភាពពិភពលោក ហើយសាប៊ូចំនួន ២៥ម៉ឺនដុំ ត្រូវបានបរិច្ចាគដល់ប្រជាជន ដែលកំពុងត្រូវការនៅកម្ពុជា ដើម្បីជួយបញ្ឈប់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ តាមរយៈមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (យូនីសេហ្វ)។
ក្នុងនោះសាប៊ូជាច្រើនដុំក្នុងចំណោម ២៥ម៉ឺនដុំ បានចែកចាយរួចរាល់ពាសពេញប្រទេសកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរថ្នាក់ក្រោមជាតិទៅកាន់ ខេត្តចំនួន៥ ដូចជា ខេត្តតាកែវ ខេត្តរតនគិរី ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តព្រះវិហារ និងខេត្តក្រចេះ ក្នុងតំបន់ដាច់ស្រយាល ហើយខលហ្គេតកំពុងគាំទ្រយុទ្ធនាការនេះ យ៉ាងពេញទំហឹង ដូចដែលបានប្តេជ្ញាចិត្តចំពោះប្រជាជន និងសង្គមកម្ពុជា។
ខលហ្គេត បានលើកទឹកចិត្តប្រជាជនឱ្យលាងសម្អាតដៃឱ្យបានត្រឹមត្រូវ និងសុវត្ថិភាព ពីវីរុស បាក់តេរី និងមេរោគដែលបង្កគ្រោះថ្នាក់ផ្សេងៗទៀត ដោយបង្ហាញ ការជឿជាក់ថា ទាំងអស់គ្នានឹងមានអនាគតល្អប្រសើរ ជាមួយស្នាមញញឹមរួមគ្នានាពេលអនាគតដ៏ខ្លីខាងមុខនេះ៕