(អាមេរិក)៖ ក្រុមហ៊ុនលក់ទំនិញយក្សរបស់អាមេរិក Amazon បានប្រកាសចាប់ផ្ដើមដាក់ដំណើរការផ្ដល់សេវាកម្មឱសថស្ថាននៅលើប្រព័ន្ធអនឡាញ ដែលអនុញ្ញាតអតិថិជន ឬអ្នកជំងឺអាចធ្វើការបញ្ជាទិញថ្នាំបានតាមរយៈ Amazon អនឡាញ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា សម្រាប់អតិថិជន Amazon អាចធ្វើការបញ្ជាទិញថ្នាំពេទ្យតាមរយៈប្រព័ន្ធអនឡាញរបស់ Amazon បាន ជាពិសេសគឺអាចបញ្ជាទិញតាមរយៈវេជ្ជបញ្ជា ដែលចេញដោយ វេជ្ជបណ្ឌិតបាន ដោយគ្រាន់តែធ្វើការឆ្លើយនូវសំណួរមួយចំនួនពាក់ព័ន្ធនឹងស្ថានភាព និងសុខភាពផ្ទាល់ខ្លួន។
ដើម្បីជាការលើកទឹកចិត្ត រាល់អតិថិជនដែលជាសមាជិកនៃ Amazon Prime ទាំងអស់គឺមានសិទ្ធិក្នុងការទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃត្រឹមរយៈពេល ២ថ្ងៃព្រមជាមួយនឹងការបញ្ចុះតម្លៃដល់ទៅ ៨០ភាគរយសម្រាប់
ប្រភេទថ្នាំធម្មតា និង ៤០ភាគរយសម្រាប់ថ្នាំពេទ្យតាមវេជ្ជបញ្ជា។
លោក TJ Parker អនុប្រធានទទួលបន្ទុកកិច្ចការងារឱសថស្ថានរបស់ Amazon បាននិយាយថា «រាល់អតិថិជនទាំងអស់ អាចធ្វើការបញ្ជាទិញថ្នាំពេទ្យបាន លុះត្រាតែបានផ្ដល់ព័ត៌មានមុនពាក់ព័ន្ធនឹងស្ថានភាពសុខភាព ដូចជា ជាស្ត្រីមានផ្ទៃពោះ អាយុចន្លោះពីណា ដល់ណា មានជំងឺមហារីក មានការធានារ៉ាប់រងជីវិត ជាដើម»។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Amazon បានរៀបចំផែនការណ៍បង្កើតសេវាកម្មឱសថស្ថាននេះឡើង កាលពីឆ្នាំ២០១៧ និងបានទិញក្រុមហ៊ុនដឹកជញ្ជូនថ្នាំពេទ្យដ៏ធំគឺ PillPack កាលពីឆ្នាំ២០១៨ ក្នុងតម្លៃ ៧៥៣លានដុល្លារអាមេរិក និងបានប្ដូរឈ្មោះមកជា PillPack by Amazon Pharmacy ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Amazon មានតួនាទីលក់ និងចែកចាយថ្នាំពេទ្យអនឡាញ៕