(ភ្នំពេញ)៖ ពិតជាគួរឲ្យសោកស្តាយ សម្រាប់ព្រឹត្តិការណ៍មហាស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ដែលបានពន្យារពេលជាបន្តបន្ទាប់មកហើយនោះ នៅពេលនេះនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចលុបចោលតែម្តង ក្នុងឆ្នាំ២០២០នេះ ដោយសារតែស្ថានភាពនៃជំងឺកូវីដ១៩ និងមិនអាចពន្យារបន្តទៀតបាន ព្រោះតែការប្រើប្រាស់ថវិការដ្ឋ ត្រូវទូទាត់មុនដំណាច់ឆ្នាំ។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានថ្លែងប្រាប់ Fresh News Plus នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ថា សម្រាប់ព្រឹត្តិការណ៍មហាស្រពភាពយន្តខ្នាតខ្លី នៅក្នុងឆ្នាំនេះ គឺយើងបានសម្រេចលុបចោលទាំងស្រុងតែម្តង ដោយសារតែកត្តាកូវីដ១៩ មិនអាចពន្យារពេលបន្តទៀតបានឡើយ។ យ៉ាងណាមិញ ព្រឹត្តិការណ៍នេះ ត្រូវចំណាយពេលយ៉ាងតិច ៣ទៅ៤ខែ ដើម្បីរៀបចំ ប៉ុន្តែដោយសារតែកូវីដ១៩ ទើបនាយកដ្ឋានសម្រេចលុបចោលទាំងស្រុងតែម្តង។
លោក ប៉ុក បូរក្ស បានបន្តទៀតថា នៅក្នុងការប្រកាសដំបូងមហាស្រពភាពយន្ត នឹងត្រូវរៀបចំឡើងនៅថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែធ្នូ ខាងមុខ ប៉ុន្តែដោយសារពេលវេលានេះ ស្ថានភាពនៃជំងឺកូវីដ១៩ អាចនៅបន្តអូសបន្លាយ យើងមិនអាចប្រារព្ធឡើងជាលើកទី៣បានឡើយ។ ប៉ុន្តែប្រសិនបើ នៅឆ្នាំ២០២១ ស្ថានភាពនៃជំងឺកូវីដ១៩ ប្រសើរឡើង យើងនឹងអាចនាំយកព្រឹត្តិការណ៍ មហោស្រពជាតិភាពយន្តខ្នាតខ្លីនេះ ដាក់បញ្ចូលគ្នាជាមួយនឹងព្រឹត្តិការណ៍ មហាស្រពភាពយន្តជាតិតែម្តង។
យ៉ាងណាមិញ លោកបានបញ្ជាក់បន្ថែមថា ការសម្រេចលុបចោលនេះ មិនបានប៉ះពាល់ដល់ផលិតករ ដែលបានផលិតរឿងដើម្បីដាក់ប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍នេះទេ ត្បិតពួកគាត់សុទ្ធសឹងតែជាផលិតករឯករាជ្យ ហើយប្រសិនបើរោងភាពយន្តបើកឲ្យដាក់បញ្ចាំងឡើងវិញ ឬ មានកម្មវិធីប្រកួតប្រជែងផ្សេងណាមួយផ្សេងទៀត ពួកគាត់អាចយកស្នាដៃទាំងនេះ ទៅចូលរួមបាន។
គួរជម្រាបថា ព្រឹត្តិការណ៍មហាស្រពភាពយន្តខ្នាតខ្លីកម្ពុជា គឺត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយការរៀបចំដោយនាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខណៈព្រឹត្តិការណ៍ គឺត្រូវបានគេដឹងថា រៀបចំឡើងដើម្បីឲ្យបណ្ដាផលិតករទាំងអស់ ដែលមានសមត្ថភាពនិពន្ធភាពយន្តខ្លី បង្កប់អត្ថន័យអប់រំ និងខ្លឹមសារល្អៗ អាចយកទៅប្រកួតប្រជែង ជាមួយនឹង ស្នាដៃរបស់ផលិតករដទៃទៀតបាន ដើម្បីទទួលពានរង្វាន់ ដ៏ដូចជាផ្សព្វផ្សាយទៅកាន់មហាជនឲ្យបានដឹង៕