(បន្ទាយមានជ័យ)៖ សហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានរៀបចំទិវាសប្ដាហ៍សហគ្រិនភាពសកលកម្ពុជា ឆ្នាំ២០២០ ក្រោមប្រធានបទ «ការប្រើប្រាស់បច្ចេកវិទ្យារបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា»។
ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងលោកឧកញ៉ា សុខ ពិសិដ្ឋ ប្រធានអង្គការបណ្ដាញសហគ្រិនភាពសកលកម្ពុជា នៅសាលប្រជុំសាកលវិទ្យាល័យ មានជ័យ ខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងឱកាសនោះ លោក ឈឿន ឈីវអៀន ប្រធានសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបន្ទាយមានជ័យ បានលើកឡើងថា ទិវាសប្តាហ៍សហគ្រិនភាព សកលកម្ពុជា២០២០ ក្រោមប្រធានបទ «ការប្រើប្រាស់បច្ចេកវិទ្យារបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា» គឺមានសារៈសំខាន់នាពេលបច្ចុប្បន្ននេះ ព្រោះប្រជាពលរដ្ឋដែលធ្វើអាជីវកម្ម ដើម្បីចូលរួមអបអរសារទដល់អ្នកផ្តួចផ្តើមគំនិតថ្មី និងអ្នកបង្កើតការងារ ដែលបានចាប់ផ្តើមនាំយកគំនិតល្អៗ។
លោកឧកញ៉ា សុខ ពិសិដ្ឋ ប្រធានអង្គការបណ្តាញសហកគ្រិនភាពសកលកម្ពុជា បានអះអាងថា ការលើកកម្ពស់សហគ្រិនភាព ដែលមានលក្ខណៈជាយុទ្ធសាស្ដ្រ សម្រាប់ទ្រទ្រង់កំណើនរយៈពេលវែង ក៏ដូចជាធ្វើឲ្យកំណើននេះកាន់តែមានប្រសិទ្ធភាព ដើម្បីចូលរួមប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជា នៅក្នុងតំបន់ និងពិភពលោក។
ជាមួយគ្នានេះ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ សូមកោតសសើរចំពោះសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបន្ទាយមានជ័យ ដែលបានរៀបចំទិវាសប្តាហ៍សហគ្រិនភាពសកលកម្ពុជា ២០២០ ដើម្បីធ្វើឲ្យកំណើនសេដ្ឋកិច្ចកាន់តែរីកចម្រើនរឹងមាំថែមទៀត ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនគ្រប់គ្រប់វិស័យនេះកម្ពុជា៕