(ភ្នំពេញ)៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសគ្រូបង្វឹកថ្មីជំនួសកៅអីលោក ស៊ុ វណ្ណា ជាផ្លូវការហើយ គឺអតីតគ្រូបង្វឹករបស់ខ្លួនលោក Oleg Starynskyi។ នេះជាលើកទី២ ហើយ ដែលបុរសជនជាតិអ៊ុយក្រែនរូបនេះត្រឡប់មកកាន់ទឹកដី Smart RSN បន្ទាប់ពីលោកធ្លាប់ដឹកនាំក្រុមសិង្ហក្រហមនេះម្ដងកាលពីឆ្នាំ២០១៦-២០១៧។
ភ្នំពេញក្រោន គឺជាក្លិបទី២ នៃលីគកំពូលកម្ពុជា ដែលប្រកាសផ្លាស់ប្ដូរគ្រូបង្វឹក ដើម្បីត្រៀមរដូវកាលថ្មី បន្ទាប់ពីក្លិបសូលទីឡូអង្គរ។ លោក Oleg ធ្លាប់ធ្វើការដំបូងនៅភ្នំពេញក្រោន កាលពីដើមឆ្នាំ២០១៦ ក្នុងនាមក្រុមយុវជន U19 មុនក្លិបដំឡើងជាគ្រូបង្គោលក្រុមធំនៅចុងឆ្នាំដដែល។ ឆ្នាំដំបូង ដែលលោកដឹកនាំក្រុមក្នុងលីគឆ្នាំ២០១៧ គឺមិនទាន់បានលទ្ធផលល្អប្រសើរនោះទេ ដោយបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៦ ប៉ុណ្ណោះ។
ការត្រឡប់មកដឹកនាំក្រុមសិង្ហក្រហមលើកទី២ នេះ ត្រូវបានគេរំពឹងថា បុរសជនជាតិអ៊ុយក្រែនរូបនេះ អាចនឹងមានអ្វីដែលពិសេស ដើម្បីបង្កព្យុះភ្លៀងក្នុងលីគ ក៏ដូចជាពានសម្ដេចតេជោ ហ៊ុន សែន នារដូវកាលក្រោយ បន្ទាប់ពីលោកបានទៅពង្រឹងសមត្ថភាពនៅប្រទេសម៉ាឡេស៊ី និងប្រទេសកំណើតមួយរយៈពេលធំ តាំងពីចាកចេញពីភ្នំពេញក្រោន។ អ្វីដែលពិសេស បច្ចុប្បន្នលោកក៏បានបញ្ចប់វគ្គគ្រូបង្វឹក UEFA A-License ផងដែរ៕