(ញូយ៉ក)៖ ប្រព័ន្ធទំនាក់ទំនងសង្គម Twitter នាថ្ងៃអង្គារសប្តាហ៍នេះ បានឲ្យដឹងថា ខ្លួនបានចាប់ផ្តើមដាក់ឲ្យដំណើរការជាផ្លូវការនូវមុខងារថ្មីមួយហៅថា «Fleets» ដែលមានលក្ខណៈស្រដៀងគ្នាដែរទៅនឹងមុខងារ Stories ដែលមានការពេញនិយមនៅលើប្រព័ន្ធ Snapchat, Instagram និង Facebook ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

មុខងារ Fleets អនុញ្ញាតឲ្យអ្នកប្រើប្រាស់ Twitter បង្ហោះសារជាអក្សរ រូបភាព ឬវីដេអូ ដែលនឹងបាត់ទៅវិញក្នុងរយៈពេល២៤ម៉ោង។ កន្លងមក Twitter ធ្លាប់បានសាកល្បងមុខងារនេះ នៅប្រទេសប្រេស៉ីល អ៉ីតាល ឥណ្ឌា និងកូរ៉េខាងត្បូង។ ប៉ុន្តែចាប់ពីឥឡូវទៅ មុខងារនេះអាចប្រើប្រាស់បាននៅជុំវិញពិភពលោក ដោយយ៉ាងយូរក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃខាងមុខ អ្នកប្រើប្រព័ន្ធ iOS និង Android ទាំងអស់ នឹងអាចប្រើប្រាស់មុខងារ Fleets នេះ។

គួរបញ្ជាក់ថា តាមរយៈការដាក់ឲ្យដំណើរការមុខងារខាងលើ Twitter មានគោលដៅជំរុញឲ្យអ្នកប្រើប្រាស់ចូលរួមកាន់តែសកម្ម នៅលើបណ្តាញសង្គមរបស់ខ្លួន ព្រោះមានអ្នកប្រើប្រាស់ជាច្រើន ជាពិសេសអ្នកថ្មីៗ ខ្លាចក្នុងការចែករំលែកសាររបស់ខ្លួន ដោយសារតែពួកវានឹងនៅជាប់ជារៀងរហូត។ ប៉ុន្តែជាមួយមុខងារ Fleet ពួកគេអាចធ្វើការចែករំលែកផ្សេងៗបាន ដោយមិនបាច់ខ្វល់ច្រើនឡើយ ព្រោះពួកវានឹងបាត់ទៅវិញក្នុងពេលត្រឹម២៤ម៉ោង៕