(ភ្នំពេញ)៖ ក្លិបជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ វិសាខា បានប្រកាសបន្ដកិច្ចសន្យាថ្មីជាមួយកីឡាករ ច្រឹង ពលរដ្ឋ រហូតដល់ឆ្នាំ២០២៤ បន្ទាប់ពីខ្សែបម្រើវ័យ ២៣ឆ្នាំរូបនេះ បានរួមចំណែកជួយក្រុមបើកទំព័រប្រវត្តិសាស្ដ្រគ្រងជើងឯកពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ដ្រីលើកដំបូង កាលពីពេលថ្មីៗ។
ច្រឹង ពលរដ្ឋ បានចូលរួមជាមួយក្លិបវិសាខា កាលពីដើមឆ្នាំ២០២០ កន្លងទៅ។ ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Colum Curtis អតីតសមាជិកក្រុមកងយោធពលខេមរភូមិន្ទរូបនេះ បានបង្ហាញខ្លួនលើទីលានស្ទើរគ្រប់ការប្រកួត ប៉ុន្ដែក្នុងលីគកំពូលកម្ពុជា រូបគេបានជួយក្រុមទទួលបានត្រឹមចំណាត់ថ្នាក់លេខ៥ ប៉ុណ្ណោះ។
ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ ពលរដ្ឋ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយក្រុមសេះជំទង់វិសាខា ឲ្យឈ្នះពាននេះជាលើកដំបូង។ អ្វីដែលពិសេសគឺ ពលរដ្ឋ បានឈ្នះពានកីឡាករល្អជាងគេ ប្រចាំពានសម្ដេចតេជោ-ថ្នាក់ជាតិនេះ ពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ទៀតផង។
គួរបញ្ជាក់ថា ច្រឹង ពលរដ្ឋ គឺជាកីឡាករក្នុងស្រុកទី២ ត្រូវបានវិសាខាប្រកាសបន្ដកិច្ចសន្យាថ្មី បន្ទាប់ពីកីឡាករ អ៊ិន វិច្ឆ័យ ដែលត្រូវបានក្លិបបន្ដកិច្ចសន្យា រហូតដល់ឆ្នាំ២០២២ កាលពីដើមសប្ដាហ៍កន្លងទៅ។ អ្វីដែលគួរឲ្យកត់សម្គាល់មកទល់ពេលនេះ វិសាខាមិនទាន់ប្រកាសនាំចូលកីឡាករថ្មី ដើម្បីត្រៀមរដូវកាលក្រោយ និងការប្រកួតពានរង្វាន់ AFC Cup 2021 នោះទេ៕