(កាលីហ្វរញ៉ា)៖ ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងបង់ប្រាក់ចំនួន១១៣លានដុល្លារ ដើម្បីដោះស្រាយការចោទប្រកាន់ពីសំណាក់រដ្ឋសរុប៣៣ នៅសហរដ្ឋអាមេរិក ព្រមទាំងរដ្ឋធានីវ៉ាស៉ីនតោន ដែលថា Apple បានពន្យឺត iPhone ដោយចេតនា ដើម្បីបិទបាំងបញ្ហាថ្ម និងដើម្បីបង្ខំឲ្យអ្នកប្រើប្រាស់ទិញ iPhone ជំនាន់ថ្មីៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។
យោងតាមពាក្យបណ្តឹងរបស់បណ្តារដ្ឋអាមេរិក ក្រុមហ៊ុន Apple កាលពីឆ្នាំ២០១៦ បានអាប់ដេត software ដោយស្ងាត់ៗនៅលើស្មាតហ្វូនម៉ូដែល iPhone 6, 7 និង SE ដើម្បីដាក់កំហិតល្បឿនធ្វើប្រតិបត្តិការនៃបន្ទះឈីបរបស់ពួកវា ក្រោមគោលបំណងបង្ការកុំឲ្យថ្មដែលចាស់ទៅ អាចធ្វើឲ្យរលត់ម៉ាស៉ីនបាន។ ទង្វើរបស់ Apple ត្រូវបានចាត់ទុកជាទង្វើលាក់លៀមមិនល្អ ហើយគួរស្នើផ្លាស់ប្តូរថ្មថ្មីឲ្យឧបករណ៍ទាំងនោះ ឬប្រកាសឲ្យគេឯងបានដំណឹងអំពីបញ្ហានោះ។
នៅឆ្នាំ២០១៧ Apple ក៏បានទទួលស្គាល់ដែរថា ការអាប់ដេត software របស់ខ្លួន បានកាត់បន្ថយតម្រូវការថាមពលរបស់ iPhone ម៉ូដែលខាងលើ ក្រោយពីការសិក្សាស្រាវជ្រាវមួយបានរកឃើញភាពយឺតខុសប្រក្រតីនៅលើពួកវា។ ក្រុមហ៊ុន Apple ក៏បានចេញមុខសុំទោសជាសាធារណៈ ហើយ បញ្ចុះតម្លៃសម្រាប់ការផ្លាស់ប្តូរថ្មផងដែរ។
គួរបញ្ជាក់ថា ក្នុងចំណោមរដ្ឋចំនួន៣៣ និងរដ្ឋធានីវ៉ាស៉ីនតោន រដ្ឋកាលីហ្វរញ៉ានឹងទទួលបានប្រាក់ចំនួន២៤.៦លានដុល្លារ, រដ្ឋតិចសាស់នឹង ទទួលបាន៧.៦លានដុល្លារ ហើយរដ្ឋអារីហ្សូណានឹងទទួលបាន៥លានដុល្លារ ខណៈរដ្ឋកាលីហ្វរញ៉ានិងរដ្ឋតិចសាស់ មានអ្នកប្រើប្រាស់ iPhone ច្រើនជាងគេ ដែលបានទទួលរងការប៉ះពាល់ពីការអាប់ដេត software របស់ Apple៕