(ញូយ៉ក)៖ អាជ្ញាធរអាកាសចរណ៍អាមេរិក FAA កាលពីថ្ងៃពុធសប្តាហ៍នេះ បានប្រកាសថា យន្តហោះ Boeing 737 MAX អាចត្រឡប់ទៅធ្វើប្រតិបត្តិការលើផ្ទៃអាកាសបានវិញហើយ ជាមួយការជួសជុលកែតម្រូវជាច្រើន ក្រោយពីពួកវាត្រូវបានបញ្ឈរជើងអស់រយៈពេលប្រមាណ២០ខែ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Business Times នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។
សេចក្តីប្រកាសខាងលើរបស់អាជ្ញាធរ FAA នឹងបើកផ្លូវឲ្យក្រុមហ៊ុនអាកាសចរណ៍ និងអាជ្ញាធរអាកាសចរណ៍ដទៃទៀត នៅជុំវិញពិភពលោក គិតគូរបន្តសេវាកម្មដឹកអ្នកដំណើរតាមផ្លូវអាកាស ជាមួយយន្តហោះ 737 MAX របស់ក្រុមហ៊ុន Boeing ឡើងវិញ។ ដំណឹងនេះក៏បានជួយឲ្យភាគហ៊ុន Boeing លោតឡើងប៉ុន្មានភាគរយផងដែរ បន្ទាប់ពីពួកវាបានបាត់បង់តម្លៃដល់ទៅ៥០ភាគរយ ចាប់តាំងតែពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ជាថ្ងៃករណីធ្លាក់យន្តហោះ 737 MAX នៅអេត្យូពី ដែលជាកត្តានាំឲ្យទៅការបញ្ឈរជើងយន្តហោះនេះ នៅទូទាំងសកលលោក។
គួរបញ្ជាក់ថា យ៉ាងណាក្តី ទោះបីការសម្រេចរបស់ FAA ជាចំណុចផ្លាស់ប្តូរដ៏វិជ្ជមានធំមួយសម្រាប់ Boeing ក៏ដោយ វាមិនមានន័យថា យន្តហោះ Boeing 737 MAX នឹងចាប់ផ្តើមហោះហើរព្រោងព្រាតវិញភ្លាមៗនោះទេ ជាពិសេសនៅចំពោះមុខវិបត្តិជំងឺរាតត្បាតជាសកល COVID-19 ដែលបានជះផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអាកាសចរណ៍ ហើយវាក៏មិនទាន់ប្រាកដដែរថា មហាជនទូទៅនឹងជឿជាក់លើសុវត្ថិភាពរបស់ពួកវាកម្រិតណា។
សរុបទាំងអស់ នៅសហរដ្ឋអាមេរិកមានយន្តហោះ Boeing 737 MAX ចំនួន៧២គ្រឿង ហើយ៣១៥គ្រឿងទៀត ស្ថិតនៅតាមប្រទេសដទៃទៀត។ យន្តហោះ 737 MAX ប្រហែល៤៥០គ្រឿងថែមទៀត ត្រូវបាន Boeing ផលិតផលឡើង ប៉ុន្តែមិនទាន់បានប្រគល់ដល់ដៃអតិថិជននៅឡើយទេ។
ពាក់ព័ន្ធនឹងការអនុញ្ញាតឲ្យ Boeing 737 MAX ហោះហើរវិញ ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អឺរ៉ុប EASA កំពុងត្រៀមដកបម្រាមចេញវិញដែរ ខណៈកាណាដានិងប្រេស៉ីលក៏ត្រូវគេរំពឹងថានឹងធ្វើដូចគ្នា។ ដោយឡែក ចិនវិញដែលជាប្រទេសមុនគេ ដែលបានបញ្ឈរជើង 737 MAX គឺមិនទាន់ផ្តល់តំរុយថានឹងសម្រេចយ៉ាងណាឡើយ៕