(ភ្នំពេញ)៖ សហព័ន្ធកីឡារាំកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានកំណត់កាលបរិច្ឆេទថ្មី ដើម្បីរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ឡើងវិញហើយ បន្ទាប់ពីប្រកាសពន្យារពេលការប្រកួត ដោយសារព្រឹត្តិការណ៍ ៣វិច្ឆិកាកាលពីពេលថ្មីៗ។

បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកា ទាំងស្រុង សហព័ន្ធកីឡារាំកម្ពុជា បានប្រកាសរៀបចំការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិឡើងវិញ នៅថ្ងៃទី០៥-០៦ ខែធ្នូខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ ខណៈដំបូងឡើយការប្រកួតនេះ គ្រោងធ្វើតាំងពីថ្ងៃទី១៤-១៥ ខែវិច្ឆិកាម្ល៉េះ។

ចំណែកកាលបរិច្ឆេទថ្មីនៃការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៤-១៨ ខែធ្នូខាងមុខ។ ដំបូងឡើយការប្រកួតនេះគ្រោងធ្វើពីថ្ងៃទី១៦-២០ ខែវិច្ឆិកា តែដោយសារមានការជូនដំណឹងពីក្រសួងអប់រំ យុវជន និងកីឡា ជុំវិញព្រឹត្តិការណ៍ ៣វិច្ឆិកា សហព័ន្ធក៏សម្រេចលើកពេលប្រកួតតែម្ដង។

គួរបញ្ជាក់ថា ក្រោយបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកា ក្រោមការចង្អុលបង្ហាញរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាក៏បានប្រកាសបើកឲ្យដំណើរការធម្មតាឡើងវិញ នៃពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក)ផងដែរ។ តែយ៉ាងណាក្រសួងអប់រំ បានបន្ដអំពាវនាវដល់អ្នកហាត់ប្រាណ និងកីឡាករ-កីឡាការិនីទាំងអស់ ត្រូវបន្ដរក្សាអនាម័យ និងអនុវត្តតាមវិធានការក្រសួងសុខាភិបាលជានិច្ច ដើម្បីការពារជំងឺកូវីដ-១៩៕