(ភ្នំពេញ)៖ បើទោះបីជាមានឈ្មោះជាតារាពន្លកថ្មីក៏ដោយ ប៉ុន្តែកញ្ញា អឿន រ៉ូហ្សា ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង និងមានកេរ្តិ៍ឈ្មោះបោះសំឡេង ត្រូវបានបណ្តាផលិតករនានា ចាប់អារម្មណ៍ទៅនឹងសមត្ថភាព ទេពកោសល្យសម្តែងរឿងរបស់នាងជាបន្តបន្ទាប់។ អ្វីដែលពិសេស នាងត្រូវបានផលិតកម្មល្បីឈ្មោះ អ្នកស្រី ពាន់ ភួងបុប្ផា ផ្តល់ឱកាសឲ្យកាន់តំណែងតួឯកស្រី ក្នុងរឿងភាគចុងក្រោយរបស់ខ្លួន គឺរឿង «ស្នាមស្នេហ៍សមុទ្ររាម» វគ្គ២។ ឱកាសពិសេសនេះ ត្រូវបាន ស្រីស្រស់ អឿន រ៉ូហ្សា បង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា នាងពិតជាមានមោទនភាពជាខ្លាំង ចំពោះការសម្តែងរឿងភាគជាមួយអ្នកដឹកនាំឆ្នើមរូបនេះ។

ថ្លែងប្រាប់ Fresh News Plus ស្រីស្រស់ អឿន រូហ៉្សា បានឲ្យដឹងថា «ស្នាមស្នេហ៍សមុទ្ររាម» វគ្គ២ គឺជារឿងភាគទី២ហើយរបស់នាង បន្ទាប់ពីរឿងទី១ គឺរឿង «ទេពធីតាព្កុលមាស» ខណៈរឿងទាំងពីរនេះ គឺសុទ្ធសឹងតែទទួលតំណែងជាតួឯកស្រី។ យ៉ាងណាមិញ សម្រាប់រឿងថ្មី «ស្នាមស្នេហ៍សមុទ្ររាម» វគ្គ២ ដែលដឹកនាំសម្តែងដោយអ្នកស្រី ពាន់ ភួងបុប្ផា នេះ កញ្ញា អឿន រ៉ូហ្សា បានតាំងចិត្តយ៉ាងមោះមុតថា នឹងព្យាយាមសម្តែងឲ្យបានល្អ ដូចទៅនឹងតួឯកស្រីកាលពីវគ្គទី១ គឺតារារៀមច្បង សឿ សុធារ៉ា ជាពិសេសក្នុងឈុតឆាត កម្សត់ហូរទឹកភ្នែក។

ពិតណាស់រឿង «ស្នាមស្នេហ៍សមុទ្ររាម» ត្រូវបានគេដឹងថា ជារឿងមួយប្រភេទកម្សត់ ទឹកភ្នែកស្ទើរតែពីចំណុចផ្តើម រហូតដល់ទីបញ្ចប់ ខណៈតួឯកស្រីក៏ត្រូវកម្សត់រហូតផងដែរ។ ក្នុងនោះ រ៉ូហ្សា បញ្ជាក់ថា តួកម្សត់សម្រាប់នាង គឺមានភាពលំបាក និយាយរួមទៅរាល់ការសម្តែង មិនមែនមានភាពងាយស្រួលឡើយ ប៉ុន្តែអ្វីដែលនាងត្រូវធ្វើនោះ គឺព្យាយាមសម្តែងឲ្យបានល្អ អស់ពីសមត្ថភាព ដើម្បីឲ្យទស្សនិកជនជក់ចិត្ត នឹងទេពកោសល្យរបស់នាង។ ម្យ៉ាងក្នុងរឿងទី១ ក៏នាងបានដើរតួកម្សត់ម្តងរួចមកហើយដែរ។

តារាស្រីច្រមុះស្រួចរូបនេះ បានសង្កត់ធ្ងន់ថា នាងពិតជាមានមោទនភាពជាខ្លាំង ពេលទទួលបានតំណែងជាតួឯកស្រីក្នុងរឿងភាគ ដែលជាស្នាដៃរបស់ផលិតករភាពយន្តល្បីឈ្មោះ ពាន់ ភួង បុប្ផា ត្បិតនេះជាស្នាដៃរឿងភាគចុងក្រោយ របស់អ្នកស្រីហើយ។ អ្នកស្រី ពាន់ ភួងបុប្ផា បានប្រកាសបញ្ជាក់ថា រឿង «ស្នាមស្មេហ៍សមុទ្ររាម» វគ្គ២ ជាស្នាដៃចុងក្រោយបង្អស់ នៃជីវិតផលិតភាពយន្តភាគរបស់អ្នកស្រី ប៉ុន្តែសម្រាប់រឿងខ្នាតធំ អ្នកស្រីនៅតែផលិត ដោយក្នុងមួយឆ្នាំ អាចមានតែមួយរឿងប៉ុណ្ណោះ។

គួរជម្រាបថា កញ្ញា អឿន រ៉ូហ្សា បច្ចុប្បន្ននាងមានអាយុ២២ឆ្នាំ ហើយ ជានិស្សិតដែលទើបបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងទេសចរណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០១៨។ តារាស្រីដួងនេះ មានភាពមមាញឹកយ៉ាងខ្លាំងក្នុងអាជីពសិល្បៈ បន្ទាប់ពីប្រកាសខ្លួនចូលប្រឡូកពេញលេញ ជាពិសេសក្រៅពីសម្តែង នាងក៏ជាតារាម៉ូដែលមួយរូបផងដែរ៕