(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ជូនដំណឹងដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិ និងថ្នាលទាំងអស់ ជុំវិញការអនុញ្ញាតឲ្យប្រមូលផ្ដុំហ្វឹកហាត់ឡើងវិញ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីផ្អាកមួយរយៈពេល ដោយសារព្រឹត្តិការណ៍ ៣វិច្ឆិកា។

យោងតាមលិខិតផ្ដល់ឲ្យសហព័ន្ធកីឡាជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ថា ក្រោយព្រឹត្តិការណ៍ ៣វិច្ឆិកា ត្រូវបានបិទបញ្ចប់ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា អនុញ្ញាតឲ្យបើកដំណើរការហ្វឹកហាត់ឡើងវិញគ្រប់ប្រភេទកីឡាទាំងអស់របស់កីឡាករ-កីឡាការិនីជម្រើសជាតិ និងក្រុមថ្នាល ក្នុងពហុកីឡដ្ឋានជាតិចាប់ពីថ្ងៃទី២០ ខែវិច្ឆិកាតទៅ ដោយបន្ដអនុវត្តនូវវិធានសុវត្ថិភាពសុខភាព និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល។

គួរបញ្ជាក់ថា អំឡុងពេលផ្ទុះនូវព្រឹត្តិការណ៍ ៣វិច្ឆិកា ដោយគោរពតាមការជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានសម្រេចផ្អាកការប្រមូលផ្តុំទាំងអស់ នៅក្នុងបរិវេនពហុកីឡដ្ឋានជាតិ ហើយលើកទឹកចិត្តឲ្យកីឡាករ-កីឡាការិនី ខិតខំហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន ដើម្បីរក្សាគុណផលកីឡា។ ដូច្នេះការត្រឡប់មកប្រមូលផ្ដុំហ្វឹកហាត់ជុំគ្នាវិញនេះ គឺជារឿងដ៏សប្បាយរីករាយមួយដែលកីឡាករ-កីឡាការិនីទន្ទឹងរង់ចាំ ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា៕