(ខេនប៊ឺរ៉ា)៖ អត្រាភាពគ្មានការងារធ្វើ នៅប្រទេសអូស្ត្រាលី បានកើនឡើងចំនួន៧ភាគរយ នៅក្នុងខែតុលា ឆ្នាំ២០២០នេះ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

យោងតាមទិន្នន័យដែលចេញផ្សាយ ដោយការិយាល័យស្ថិតិអូស្ត្រាលី (ABS) នាថ្ងៃព្រហស្បត្តិ៍នេះ បានឲ្យដឹងថា អត្រាភាពគ្មានការងារធ្វើ បានកើនឡើង០,១ភាគរយ ពី៦,៩ភាគរយ នៅក្នុងខែកញ្ញា ដល់៧,០ភាគរយ នៅក្នុងខែតុលា ឆ្នាំ២០២០នេះ។

ទោះបីយ៉ាងណាក៏ដោយ, ចំនួនពលរដ្ឋអូស្ត្រាលី ដែលមានការងារធ្វើ បានកើនឡើង១៧៨,៨០០នាក់ ឬស្មើនឹង១,៤ភាគរយ ហើយចំនួនម៉ោងការងារ បានកើនឡើង១,២ភាគរយ។

លោក Bjorn Jarvis ប្រធានស្ថិតិការងារ នៃការិយាល័យស្ថិតិអូស្ត្រាលី បានឲ្យដឹងថា ការកើនឡើងភាពគ្មានការងារធ្វើ គឺដោយសារតែ០,៩ភាគរយ បានកើនឡើង នៅក្នុងចំនួនប្រជាជនអូស្ត្រាលី ដែលកំពុងស្វែងរកការងារធ្វើ៕