(អាមេរិក)៖ អ្នកដឹកនាំរឿងល្បីឈ្មោះរបស់អាមេរិក លោក Harvey Weinstein ថ្មីៗនេះមានសេចក្តីរាយការណ៍ថា លោកបានឈឺធ្ងន់ក្នុងពន្ធនាគារ ខណៈមហាជនជាច្រើនបានសង្ស័យថា លោកមានជំងឺកូវីដ១៩។ តែយ៉ាងណា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អ្នកនាំពាក្យរបស់លោក បានចេញមុខមកបដិសេធ ថា Harvey Weinstein មិនមានជំងឺកាចសាហាវនេះឡើយ ប៉ុន្តែលោកមានបញ្ហាសុខភាព ដែលបណ្តាលមកពីជំងឺផ្សេងៗជាច្រើនមុខ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

ជាការកត់សម្គាល់ លោក Weinstein វ័យ៦៨ឆ្នាំ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៣ឆ្នាំ បន្ទាប់ពីត្រូវបានតុលាការផ្តន្ទាទោស កាលពីខែកុម្ភៈកន្លងទៅ ពីបទ «រំលោភសេពសន្ថវៈ» និង «បៀតបៀនផ្លូវភេទ»។ កំឡុងពេលឃុំខ្លួនក្នុងពន្ធនាគារ អ្នកដឹកនាំរឿងរូបនេះ បានចាប់ផ្តើមមានបញ្ហាសុខភាពនៅដើមសប្តាហ៍នេះ និងមានសេចក្តីរាយការណ៍ថា លោកមានជំងឺគ្រុងក្តៅខ្លាំង រហូតឈានដល់ទៅធ្វើតេស្តរកជំងឺកូវីដ១៩។

តែយ៉ាងណា លទ្ធផលចេញមកបង្ហាញថា លោកមិនមានាជំងឺនេះឡើយ។ នេះបើតាមសំដីលោក Juda Engelmayer និង Craig Rothfeld ដែលជាអ្នកនាំពាក្យរបស់ Weinstein។ សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា សុខភាពរបស់ Weinstein ត្រូវបានពិនិត្យនិងតាមដានយ៉ាងដិតដល់ ខណៈជំងឺរបស់លោករួមមាន បញ្ហាបេះដូង លើសឈាម និងជំងឺខួរឆ្អឹងខ្នង៕