(ម៉ាឌ្រីដ)៖ ខ្សែការពារកណ្តាល Sergio Ramos នឹងអវត្តមានយ៉ាងហោចណាស់ក៏ ៣ប្រកួតដែរក្នុងក្លិប Real Madrid ដោយសារបញ្ហារបួសសរសៃពួរជើងនៅអំឡុងជួបជម្រើសជាតិអេស្ប៉ាញប្រកួតនៅ Nations League។

តាមរយៈព័ត៌មានពីគេហទំព័រកីឡា Live Score បានចេញផ្សាយនៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា ប្រធានក្រុម Real Madrid គឺខ្សែការពារ Ramos នឹងមិនអាចវិលចូលទីលានបានទេក្នុងខែវិច្ឆិកានេះ ពោលគឺរូបគេនឹងអវត្តមានពេល Real ប៉ះ Villarreal និង Deportivo Alaves នៅ La Liga និងជួប Inter Milan ជើងទី២ នៅយុទ្ធនាការ UEFA Champions League ទៀតផង។

Romos ដែលមានវ័យ ៣៤ឆ្នាំទៅហើយនោះ បានបង្ខំចិត្តប្តូរចេញក្នុងវគ្គទី១ ក្នុងជំនួបដែលអេស្ប៉ាញបានបំបាក់អាល្លឺម៉ង់នៅ Nations League កាលពីរាត្រីថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីទទួលរបួសសរសៃពួរដែលពុំអាចបន្តការប្រកួតបាន។

ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយក្លិប Real Madrid បានឲ្យដឹងថា «Sergio Ramos មានបញ្ហារបួសសរសៃពួរជើងខាងឆ្វេងធ្ងន់ធ្ងរ ដែលត្រូវការរយៈពេល ដើម្បីធ្វើការព្យាបាលផងដែរ»

លើសពីនេះទៀត អ្នកចាត់ការទូទៅ Zinedine Zidane ក៏មានកង្វល់បន្ថែមទៀតនៅតំបន់ការពារ ដ្បិត Rahael Varane ក៏មានបញ្ហារបួសដូចគ្នាពេលលេងឲ្យជម្រើសជាតិបារាំង ដែលត្រូវបានប្តូរចេញនៅវគ្គទី១ ទៀតផង ពេលបារាំងយកឈ្នះស៊ុយអែត ៤-២ ប្រកួតបិទពូលនៅ Nations League នាដើមសប្តាហ៍នេះដូចគ្នា៕