(កាលីហ្វរញ៉ា)៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple នឹងបន្ថយកម្រៃជើងសារដែលខ្លួនយកពីការលក់កម្មវិធី (app) និងការទិញដូរផ្សេងៗនៅក្នុងកម្មវិធីទាំងនោះ ពីសំណាក់ក្រុម developer តូចៗ ដែលប្រើប្រាស់ App Store។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

ចាប់ពីខែមករា ឆ្នាំ២០២១ តទៅ ក្រុមអ្នកបង្កើត app ទាំងឡាយណា ដែលរកចំណូលបានត្រឹម១លានដុល្លារ ឬតិចជាងនេះពីការលក់កម្មវិធីផ្ទាល់ ឬមួយក៏ពីការលក់ដូរផ្សេងៗក្នុងកម្មវិធីទាំងនោះ គឺនឹងត្រូវបង់កម្រៃជើងសារតែ១៥ភាគរយឲ្យ Apple ប៉ុណ្ណោះ។ ឧទាហរណ៍ បើពួកគេរកបានតែ១លានដុល្លារ និងក្រោម១លានដុល្លារ ក្នុងឆ្នាំ២០២០ នោះនៅឆ្នាំ២០២១ ពួកគេត្រូវបង់ឲ្យ Apple ត្រឹម១៥ភាគរយ។ កម្រៃជើងសារ ស្តង់ដាគឺចំនួន៣០ភាគរយ។

គួរបញ្ជាក់ថា មានអ្នកបង្កើតកម្មវិធីប្រហែល២៨លាននាក់ ដែលប្រើប្រាស់ App Store របស់ក្រុមហ៊ុន Apple។ Apple ផ្ទាល់បានអះអាងថា ក្នុងចំណោមអ្នកបង្កើតកម្មវិធីរាប់សិបលាននាក់នោះ មួយចំនួនធំនឹងទទួលបានអត្ថប្រយោជន៍ខាងលើ៕