(ភ្នំពេញ)៖ ខ្សែប្រយុទ្ធដ៏សំខាន់របស់ក្រុមបឹងកេត កីឡាករ ម៉ាត់ នូរុណ បានទម្លាយឲ្យដឹងថា គ្មានក្លិបណា តាមចែចូវ ឬទាក់ទងរូបគេឡើយ ទោះបីក្នុងរដូវកាលឆ្នាំ២០២០ កន្លងទៅ ម្ចាស់ពានកីឡាករល្អជាងគេ នៃលីគកំពូលកម្ពុជា បានបង្ហាញទម្រង់ដ៏លេងល្អគួរឲ្យចាប់អារម្មណ៍ក៏ដោយ។

យ៉ាងណាមិញ នូរុណ បានអះអាងថា មិនបានចាប់អារម្មណ៍រឿងនេះឡើយ ផ្ទុយទៅវិញ គឺគេផ្ដោតលើការលេងជាមួយក្រុមបឹងកេតបន្ដទៀត។ ប៉ុន្ដែបើតាមឱកាស អតីតសមាជិកក្រុមអគ្គិសនីកម្ពុជារូបនេះ គឺមានបំណងចង់ទៅលេងក្រៅស្រុក ១ឆ្នាំ ទៅ ២ឆ្នាំខាងមុខ។

ម៉ាត់ នូរុណ បានបញ្ជាក់ថា «ចំពោះរឿងគេតាមចែចូវហ្នឹង អត់ទាន់មានផង ទាំងក្នុងស្រុក និងក្រៅស្រុក។ ប៉ុន្ដែខ្ញុំ ក៏អត់ដែលគិតរឿងហ្នឹងដែរ ទោះមានក៏ខ្ញុំគិតថា នៅជាមួយបឹងកេតបន្ដទៀតដែរ។ ចំពោះរឿងបំណងទៅលេងស្រុកក្រៅ អាច ២ឆ្នាំ ឬ ១ឆ្នាំទៀត បើសិនជាមានឱកាស ខ្ញុំនឹងទៅលេងស្រុកក្រៅ»

គួរបញ្ជាក់ថា អតីតយុវជនក្លិបភ្នំពេញក្រោនខាងលើបានផ្ទេរពីក្លិបអគ្គិសនីកម្ពុជា មកក្លិបបឹងកេត នៅរដូវកាលឆ្នាំ២០១៩ ហើយសម្រាកព្យាបាលរបួសជង្គង់ស្ទើរពេញមួយរដូវកាល រហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ទើបគេអាចជួយក្រុមបាន និងជួយក្រុមនាគខៀវនេះ គ្រងជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ក្នុងឆ្នាំដដែលតែម្ដង។

ដោយឡែកនៅឆ្នាំ២០២០ គឺជាឆ្នាំដ៏អស្ចារ្យរបស់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ដោយរូបគេបានបង្ហាញវត្តមានក្នុងជម្រើស ១១នាក់ដំបូងស្ទើរគ្រប់ប្រកួត ពិសេសក្នុងលីគកំពូលកម្ពុជា ម៉ាត់ នូរុណ រកបានគ្រាប់បាល់រហូតដល់ ១៥គ្រាប់ និងជួយក្រុមបឹងកេត លើកពានលីគកំពូលកម្ពុជា ជាលើកទី៤ ក្នុងប្រវត្តិសាស្ដ្ររបស់ក្លិបទៀតផង៕