(ភ្នំពេញ)៖ ធនាគារ ហត្ថា ដែលជាធនាគារពាណិជ្ជមានបណ្តាញការិយាល័យធំជាងគេលំដាប់ទី២ ក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគ យល់គ្នា( MoU ) ជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (ហៅកាត់ថា FASMEC) ដើម្បីសហការលើគម្រោងសិក្ខាសាលាស្តីពី «ការកសាងអាជីវកម្ម ប្រកបដោយភាពជោគជ័យ»។

ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្តាល FASMEC នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ឧកញ៉ា ហួត អៀងតុង ប្រធាន អគ្គនាយកធនាគារ ហត្ថា និងលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាព្រមទាំងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ នៃស្ថាប័នទាំងពីរ ដើម្បីបង្ហាញជាសក្ខីភាពមួយបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត របស់ធនាគាហត្ថា ក្នុងការចូលរួមចំណែកអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នៅក្នុងប្រទេសកម្ពុជាឲ្យមានភាពរីកចម្រើនទៅមុខ និងទទួលបានជោគជ័យ។

លោកឧកញ៉ា ហួត អៀងតុង បានថ្លែងថា សហគ្រាសធុនតូច និងមធ្យម (SME) គឺជាផ្នែកមួយដ៏សំខាន់ក្នុងការទ្រទ្រង់ និងអភិវឌ្ឍកំណើនសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមាន ភាពរីកចម្រើន។ កន្លងមកធនាគារ ហត្ថា បានជួយផ្តល់ជាដំណោះស្រាយហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យមជាច្រើន ដើម្បីឲ្យម្ចាស់សហគ្រាសមានលទ្ធភាពក្នុង ការបង្កើតអាជីវកម្មទៅតាមផែនការ ធ្វើការពង្រីកអាជីវកម្មឲ្យកាន់តែធំ និងផ្តល់ជាទុនដើម្បីទ្រទ្រង់ប្រតិបត្តិការប្រចាំថ្ងៃ ហើយទាំងអស់នេះគឺជាផ្នែកមួយនៃបេសកកម្ម របស់ខ្លួន។

វាពិតជារឿងមួយដ៏ល្អខ្លាំងដែលខាង FASMEC បានផ្តួចផ្តើមបង្កើត សិក្ខាសាលាឡើងក្នុងគោលបំណងជួយផ្តល់ចំណេះដឹងបន្ថែមដល់ម្ចាស់សហគ្រាស ដើម្បីឲ្យអាជីវកម្ម របស់ពួកគាត់ទទួលបានជោគជ័យ ហើយធនាគារហត្ថា សូមធ្វើការគាំទ្រយ៉ាងពេញទំហឹង និងឧបត្ថម្ភជាថវិកាដល់ FASMEC ដើម្បីរៀបចំកម្មវិធីសិក្ខាសាលានេះ នៅខេត្តចំនួន១៦ នៃព្រះរាជាណាចក្រកម្ពុជា។

លោកឧកញ៉ា តែ តាំងប៉ បានថ្លែងអំណរគុណដល់ធនាគារ ហត្ថា ដែលបានចូលរួមសហការជាមួយ FASMEC និងគាំទ្រដល់សិក្ខាសាលារបស់ខ្លួន។ សិក្ខាសាលានេះនឹង ជួយដល់ម្ចាស់អាជីវកម្មឲ្យមានសមត្ថភាពកាន់តែខ្ពស់ មានចំណេះដឹងកាន់តែទូលំទូលាយ ហើយអាចឲ្យពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងអាជីវកម្ម របស់ខ្លួន។

សូមបញ្ជាក់ថា ធនាគារ ហត្ថា មានបទពិសោធន៍ជាង ២៦ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ដោយចាប់ផ្តើមដំបូងជាគម្រោងសន្តិសុខស្បៀង ដោយបាន វិវឌ្ឍខ្លួនឥតឈប់ឈរ និងបានកម្លាយខ្លួនជាធនាគារពាណិជ្ជនៅខែសីហា ឆ្នាំ២០២០។

បច្ចុប្បន្នធនាគារ ហត្ថា មានដើមទុនចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជាចំនួន ១១៥លានដុល្លារអាមេរិក មានការិយាល័យសាខាចំនួន១៧៧ ជាមួយនឹងម៉ាស៊ីនអេធីអឹមចំនួន ១៣៧ទូទាំងប្រទេស បាននឹងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរ ប្រាក់ឆ្លងធនាគារ សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង និងត្រៀមដាក់ជូនឲ្យប្រើប្រាស់ នូវសេវាថ្មីៗ បន្ថែមទៀត នាពេលអនាគតដ៏ខ្លីនេះផងដែរ៕